(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ផ្ដើមដំណើរការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ បន្ដទៀតជូនមន្ដ្រីនគរបាលដែលនៅសេសសល់មិនទាន់បានចាក់។ ដំណើរការនេះនឹងត្រូវបញ្ចប់ក្នុងរយៈពេល៣ថ្ងៃ។

គួរជម្រាបថា ការរៀបចំដំណើរការចាក់វ៉ាក់សាំងជូនមន្ដ្រីនគរបាលដែលនៅសេសសល់នេះ គឺអនុវត្តតាមការណែនាំរបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

កាលពីប៉ុន្មានថ្ងៃមុននេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញនូវបទបញ្ជាថ្មីមួយជូនទៅបណ្ដាក្រសួង ស្ថាប័នរដ្ឋទាំងអស់ ត្រូវពិនិត្យឡើងវិញ ចំពោះមន្ដ្រីរូបណាដែលមិនទាន់បានចាក់វ៉ាក់សាំងរួចរាល់។ សម្ដេចសង្កត់ធ្ងន់ថា អ្នកដែលមិនទទួលបានការចាក់វ៉ាក់សាំង អាចនឹងត្រូវបានគេរើសអើង ពិសេសអាចនឹងត្រូវមិនអនុញ្ញាតឲ្យចូលបម្រើការងារនៅតាមស្ថាប័នថែមទៀតផង។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងថា ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នេះ គឺដើម្បីតែការពារសុខភាពបុគ្គល និងសុខភាពប្រជាពលរដ្ឋទូទៅតែប៉ុណ្ណោះ៕