(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានថ្លែងអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារការឆ្លងកូវីដ១៩ នៅក្នុងឱកាសចូលឆ្នាំប្រពៃណី ដោយអនុវត្តន៍វិធានការណ៍ «ចូលឆ្នាំនៅផ្ទះ» ឬភាសាអង់គ្លេសថា «New Year at Home» !

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងសារជាមួយខ្លឹមសារយ៉ាងដូច្នេះថា «ខ្ញុំសម្រាន្តមិនលក់ ព្រោះនៅតែមិនអស់ចិត្តចោទសួររិះគិតថា ហេតុអ្វីបានជាបុគ្គលខ្លះ គាត់មិនអនុវត្តន៍បាននូវវិធានការការពារ ដែលអាចកាត់ផ្តាច់ខ្សែចម្លងវីរុសកូវីដ-១៩បាន? បើខ្ញុំអាចអនុវត្តន៍ជំនួសពួកគាត់បាន ខ្ញុំប្រាកដជាធ្វើជូនពួកគាត់ តែបើខ្ញុំធ្វើគឺការពារបានតែរូបខ្ញុំ និងការពារមិនចម្លងជំងឺសាហាវនេះទៅក្រុមគ្រួសារខ្ញុំតែប៉ុណ្ណោះ។ ចុះបើយើងសុខចិត្តលំបាកក្នុងរយ:ពេលខ្លី នាំគ្នាអនុវត្តន៍វិធានការការពារទាំងអស់គ្នា យើងនឹងចៀសផុតនូវការលំបាកក្នុងរយ:ពេលវែង។

អ្នកឆ្លងរកឃើញកើនឡើងច្រើន បង្កើតនូវការព្រួយបារម្ភ ដល់ផលប៉ះពាល់សុខភាពសាធារណ:ក្នុងរយ:ពេលយូរដែលយើងកំពុងប្រឈមទៅនឹងហានិភ័យខ្ពស់ណាស់ សម្រាប់ឈានចូលដល់ការរាតត្បាតទ្រង់ទ្រាយធំ នៅក្នុងសហគមន៍ និងផលរំខានដល់កំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គម។ ដូច្នេះខ្ញុំសូមបង្កើតពាក្យថា៖ «ចូលឆ្នាំនៅផ្ទះ» ឫ «New Year at Home» ជាមួយនិងការអនុវត្តវិធានការ៖ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលអាចឱ្យបុគ្គលអាចវ៉ៃបកបានទៅនឹង ការវាយលុកធ្ងន់ធ្ងរលើសរីរាង្គកាយរបស់ខ្លួន ចៀសផុតនូវការចម្លង ជំងឺកូវីដ-១៩ និងឆាប់បានវិលត្រឡប់ទៅរកការរស់នៅធម្មតាតាមបែបគន្លងថ្មីវិញបាន និងឆាប់បានធ្វេីឱ្យមានការងើបឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គមជាតិយើងផងដែរ។

ខ្ញុំគោរពសូមជូនពរឆ្នាំថ្មីជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នូវពាក្យថា «ចូលឆ្នាំនៅផ្ទះ» មិនប៉ះកូវីដ-១៩ សុខភាពមាំមួន មានសុខសិរី ជ័យមង្គលក្នុងក្រុមគ្រួសាររៀងៗខ្លួន។ រីករាយឆ្នាំថ្មី ! សួស្តីឆ្នាំថ្មី ! ជាឆ្នាំប្រយុទ្ធនឹងជំងឺកូវីដ-១៩ ឱ្យឈ្នះទាំងអស់គ្នា៕