(ភ្នំពេញ)៖ ស្របពេលដែលពិធីបុណ្យចូលថ្នាំថ្មីប្រពៃណីជាតិ ជិតឈានចូលមកដល់នាពេលខាងមុខ តែត្រូវបានរំខានដោយសារជំងឺឆ្លងកូវីដ-១៩នោះ អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានដាក់ទិសដៅឱ្យកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចូលរួមពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យឱ្យបានល្អប្រសើរ នៅពេលឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ។

ការណែនាំរបស់លោកអភិបាលខណ្ឌច្បារអំពៅខាងលើនេះ ធ្វើឡើងនាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ ដោយលោកបានផ្តាំផ្ញើដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ៥០នាក់ និងផ្តល់ថវិកាដល់កម្លាំងសណ្តាប់ធ្នាប់សំរាប់ពិធីបុណ្យចូលឆ្នាំថ្មីក្នុងម្នាក់ៗ ១០ ម៉ឺនរៀល។

លោកអភិបាលខណ្ឌបានជំរុញឱ្យកងកម្លាំងសណ្តាប់ធ្នាប់ ត្រូវចូលរួមពង្រឹងការងារសន្តិសុខនៅក្នុងមូលដ្ឋានឱ្យបានប្រសើរឡើងថែមទៀត។
ស្របពេលនេះ ក្រុមការងារបច្ចេកទេសកំពុងចាក់អ៊ុតកៅស៊ូលើស្ពានព្រះមុនីវង្សចាស់ ដូច្នេះហើយសូមឱ្យកម្លាំងសណ្តាប់ធ្នាប ត្រូវចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ច ក្នុងការជួយសម្រួលចរាចរណ៍នៅលើកំណាត់ផ្លូវជាតិលេខ១ និងលើស្ពានព្រះមុនីវង្សថ្មីដែលត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យធ្វើចរាចរណ៍បញ្ច្រាស់ទិសបណ្តោះអាសន្ន។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានណែនាំបន្ថែមឱ្យកម្លាំងសណ្តាប់ធ្នាប់ទាំងអស់ ត្រូវអនុវត្តជានិច្ចនូវវិធាន ៣កុំ ៣ការពារ ត្រូវរួមគ្នាបង្ការ ទប់ស្កាត់ ជំងឺកូវីដ-១៩ កុំឱ្យរីករាលដាលចូលសហគមន៍៕