(ភ្នំពេញ)៖ សមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូវ៉ាក់ ជូនដល់អតីតយុទ្ធជននៅទូទាំងប្រទេសហើយ។ យុទ្ធនាការថ្ងៃដំបូងនេះ ដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ជូនអតីតយុទ្ធនៅខេត្តចំនួន៩ ហើយយុទ្ធជន៤,៧១៩នាក់ បានចាក់រួចរាល់។

របាយការណ៍បានបង្ហាញថា រាជធានី និងខេត្ត ដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ជូនអតីតយុទ្ធជននៅថ្ងៃនេះរួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ និងស្ទឹងត្រែង។

នាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន ដែលជាសេនាធិការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាលើការងារអតីតយុទ្ធជននេះ បានធ្វើដំណើរចុះពិនិត្យដោយផ្ទាល់នូវការចាក់វ៉ាក់សាំងជូនអតីតយុទ្ធជន។ លោកទេសរដ្ឋមន្ត្រី គន់ គីម ក្រៅតែពិនិត្យមើលការចាក់នៅក្នុងខេត្តកណ្តាលហើយនោះ លោកក៏បានអញ្ជើញចុះទៅខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំផងដែរ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់ Fresh News ថា ដើម្បីការពារសុខុមាលភាពរបស់អតីតយុទ្ធជន និងការពារជំងឺកូវីដ១៩ ទៅយាយីសុខភាពរបស់អតីតយុទ្ធជននោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់វ៉ាក់សាំងស៊ីណូវ៉ាក់ ៧៩,៤៦៣ដូស ចាក់ជូនអតីតយុទ្ធជនកម្ពុជា និងគ្រួសារ។

សេនាធិការដែលទទួលបានការទុកចិត្តពីសំណាក់សម្តេចតេជោ ហ៊ុន សែន, លោក គន់ គីម បានគូសបញ្ជាក់ក្នុងពេលចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងថា នៅថ្ងៃដំបូងការចាក់ធ្វើឡើងតែ៩ រាជធានី-ខេត្តប៉ុណ្ណោះ ហើយថ្ងៃស្អែកការចាក់នឹងដំណើរការនៅខេត្តផ្សេងៗទៀត។ តាមការរំពឹងរបស់លោក ការចាក់នឹងរួចរាល់ជាស្ថាពរក្នុងពេលដ៏ខ្លីខាងមុខនេះ។

តាមរយៈអង្គភាពព័ត៌មាន Fresh News លោកទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណដល់គណៈអភិបាលរាជធានី-ខេត្ត ទាំង២៥ ក៏ដូចជាថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនទាំងអស់ ដែលបានយកចិត្តទុកដាក់ ខ្នះខ្នែងសម្របសម្រួលគ្រប់លទ្ធភាព ដើម្បីឱ្យអតីតយុទ្ធជនបានចាក់វ៉ាក់សាំង។

វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ថ្មីមួយបន្ថែមទៀតលើវិធានការសុខាភិបាលដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងសង្គ្រោះជីវិតមនុស្ស ដោយជួយបុគ្គលមិនឱ្យឈឺធ្ងន់នៅពេលឆ្លងជំងឺកូវីដ១៩ និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអាយុជីវិតពលរដ្ឋ និងអតីតយុទ្ធជន ដើម្បីឱ្យបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានលើកឡើងដូច្នេះ «បងប្អូនដឹងទេបច្ចុប្បន្ននេះវ៉ាក់សាំងកំពុងមានទីផ្សារខ្ពស់ណាស់ ត្រូវការចាំបាច់ណាស់ចំពោះមនុស្សជាតិលើពិភពលោក។ តែពលរដ្ឋកម្ពុជា និងអតីតយុទ្ធជនយើងមានសំណាងណាស់ ដែលមានសម្តេចតេជោ ជាមេដឹកនាំ ហើយលោកបានស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនពួកយើង។ មានវ៉ាក់សាំង គឺយើងមានកងការពារមួយយ៉ាងរឹងមាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»។

អតីតយុទ្ធជនក៏បានមើលឃើញពីគុណតម្លៃវ៉ាក់សាំងក្នុងការថែរក្សាការពារសុខភាព និងអាយុជីវិតរបស់ពួកគាត់ពីការរាតត្បាតនៃជំងឺកូវីដ១៩ផងដែរ។ បងប្អូនអតីតយុទ្ធជនសុទ្ធតែបានបង្ហាញនូវការពេញចិត្ត និងរីករាយក្នុងការចាក់វ៉ាក់សាំង ដោយមិនបានអល់ឯក ឬជឿការញុះញង់អកុសលណាមួយនោះឡើយ។

អតីតយុទ្ធជនក៏បានឆ្លៀតយកឱកាសនេះ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងខ្វាយខ្វល់ខ្ពស់ចំពោះអតីតយុទ្ធជន។

បើទោះបីថាបានចាក់វ៉ាក់សាំងប្រៀបាននឹងការមានជញ្ជាំងការពារជំងឺកូវីដ១៩យ៉ាងណាក្តី លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏នៅតែដាស់តឿន និងក្រើនរំលឹកដល់អតីតយុទ្ធជន ព្រមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងហើយ មិនត្រូវទម្លាក់ចោលវិធានការនានារបស់ក្រសួងសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩នោះឡើយ។ ជាពិសេសត្រូវគោរពអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ៣កុំ (កុំចាប់ដៃ កុំចូលបន្ទប់បិទជិត កុំទៅកន្លែងជួបជុំ កុះករ) និង៣ការពារ (ពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ចែល អាល់កុល និងរក្សាគម្លាតចាប់ពី១.៥ម៉ែត្រឡើងទៅ)៕