(ភ្នំពេញ)៖ លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន នារសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយលោក ស សុខា និងលោកស្រី ព្រមទាំងសប្បុរសជននានា ចែកជូនដល់ប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រីតាមខ្នងផ្ទះចំនួន ៧១គ្រួសារ នៅសង្កាត់ទន្លេសាក់។

ដោយរៀបចំទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យប្រជាពលរដ្ឋរក្សាគម្លាតយ៉ាងតិច ១.៥ ម៉ែត្រពីគ្នា ព្រមទាំងថែរក្សាអនាម័យបានខ្ជាប់ខ្ជួននោះ លោក អាំង សិរីពិសិដ្ឋ បានលើកឡើងថា ទោះបីប្រជាពលរដ្ឋបានទទួលការចាក់វ៉ាក់សាំងរួច ឬមិនទាន់បានចាក់ក៏ដោយ តែត្រូវថែសុខភាពឱ្យបានមាំទាំ ត្រូវអនុវត្តវិធានសុខាភិបាល និងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ៣ការពារ ៣កុំ ឱ្យបានខ្ចាប់ខ្ជួន ដើម្បីកុំឱ្យមាននរណាឆ្លងជំងឺកូវីដ១៩ និងឱ្យគ្រួសាររស់នៅដោយសុខដុមរម្យនាពីពេលនេះតទៅ។

ជាមួយគ្នានេះ លោក អាំង សិរីពិសិដ្ឋ ក៏បានថ្លែងអំណរគុណដល់លោក ស សុខា និងលោកស្រី និងសប្បុរជន មិត្តភក្រ្ត ដែលបានចែករំលែកជួយឧបត្ថម្ភជាស្បៀងអង្ករ ឬសម្ភារៈប្រចាំថ្ងៃរបស់គាត់មកដល់សហគមន៍បានគ្រប់គ្រាន់នោះ យើងអាចបង្ការមិនមានការឆ្លងជំងឺចូលសហគមន៍បានទេ។ ដោយហេតុថា ប្រជាសហគមន៍គាត់ទទួលបានការយកចិត្តទុក្ខដាក់ពីរាជរដ្ឋាភិបាល ពីអាជ្ញាធរបានគ្រប់គ្រាន់ ពោលគឺគាត់នៅតែផ្ទះ មានអាហារបរិភោគគ្រប់គ្រាន់ គាត់មិនភ័យខ្លាចអត់អាហារហូបចុក ហើយបង្ការទប់ស្កាត់បាននូវការឆ្លងជំងឺកូវីដនេះ ខណៈពួកគាត់មិនចេញពីផ្ទះ។

លោកបន្តថា កាយវិការដ៏ល្អប្រកបដោយមនុស្សធម៌ដែលបានមកពីការចូលរួមពីវិស័យវិនិយោគិន អង្គការសមាគមនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងកម្ពុជាបានទាន់ពេលវេលា។

លោកអភិបាលរងខណ្ឌបានទទូចសុំកុំឱ្យមានការជួបជុំគ្នាជាទ្រង់ទ្រាយធំណាមួយ រូមទាំងពិធីសាសនានានាផងដែរ ដើម្បីទប់ស្កាត់នូវការចម្លង ឬការរីករាលដាលនៃជំងឺប្រភេទថ្មីៗ នៅក្នុងប្រទេសកម្ពុជា ដូចដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាកដាលនៃជំងឺកូវីដ១៩នេះ ដើម្បីសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ។

លោក អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា អំណោយបានការចូលរួមពីមិត្តភក្ត្រពីវិស័យវិនិយោគិន ដែលលោកនាំយកមកផ្តល់ជូននាពេលនេះ ដោយម្នាក់ៗទទួលបានអង្ករ ១បាវ មី ១កេស ឃីត ១កញ្ចប់ មានស្កស អំបិល ប៊ីចេង សណ្តែកដី នំកញ្ចប់៕