(ត្បូងឃ្មុំ)៖ បុគ្គលិក និងគ្រូពេទ្យ២៤នាក់ នៅមន្ទីរសម្រាកព្យាបាល និងសម្ភពទេពនិម្មិត បន្តពិនិត្យសំណាកលើកទី៣ «អវិជ្ជមានជំងឺកូវីដ១៩»។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរ និងមន្ត្រីជាន់ខ្ពស់មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ស្រង់លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ។

ជាមួយគ្នានឹងលទ្ធផលនេះ រដ្ឋបាលខេត្ត នឹងសម្រេចឲ្យមន្ទីរសម្រាកព្យាបាល និងសម្ភពទេពនិម្មិត ដែលស្ថិតនៅក្នុងក្រុងសួងនេះ បើកដំណើរការពិនិត្យព្យាបាលឡើងវិញផងដែរ។

សូមជម្រាបថា មន្ទីរសម្រាកព្យាបាល និងសម្ភពទេពនិម្មិត ក្រុងសួង បានបិទបណ្តោះអាសន្ន ដោយបុគ្គលិក និងគ្រូពេទ្យ បានយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាល ក្រោយពេលរកឃើញ មន្ត្រីនគរបាលម្នាក់ ឈ្មោះ ឡេង ពៅ វិជ្ជមានកូវីដ១៩ បានចូលទៅថតសួតនៅទីនោះ ខណៈដែលជាមន្ទីរពេទ្យឯកជន ឈានមុខគេមួយនៅខេត្តត្បូងឃ្មុំ មានទាំងក្រុមគ្រូពេទ្យជំនាញ កន្លែងស្តង់ដារអនាម័យល្អ ពិសេសអគារ សម្ភារៈបរិក្ខារទំនើបៗ ខ្ទង់លានដុល្លារ៕