(ភ្នំពេញ)៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងនៅយប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះថា មានអ្នកជំងឺកូវីដ១៩ ម្នាក់ បានចូលផ្សារទំនប់ ស្ថិតនៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ជាញឹកញាប់ចាប់តាំងពីថ្ងៃទី១៥ ដល់ថ្ងៃទី៣១ ខែមីនា។

អាជ្ញាធរបានអំពាវនាវដល់អ្នកនៅក្នុងផ្សារ និងចេញចូលផ្សារនេះ តាមដានសុខភាពរបស់ខ្លួន ហើយបើមានលេចចេញរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩។

ទីតាំងតេស្តរកមេរោគមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សាសុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬនៅផ្សារទំនប់៕