(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង០២៖០០នាទីរសៀល តាមរយៈកម្មវិធីប្រព័ន្ធ Zoom នៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានរៀបចំកម្មវិធីចុះអនុស្សរណៈ ស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការ លើការអនុវត្តគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS)។

ពិធីនេះ ដោយមានការអញ្ជើញចូលរួមដោយ លោក បាន លឹម អគ្គនាយករងជាតំណាងលោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយលោក គា បូរាណ ប្រធាននាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK និងលោក សំរិទ្ធិ សាកូរា តំណាងការិយាល័យ គម្រោង (PMO) នៃគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS)។

សូមបញ្ជាក់ថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) គឺជាគម្រោងរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិ សម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដោយផ្តោតលើផលិតផលកសិកម្ម ចំនួន៤ប្រភេទរួមមាន៖ (១) បន្លែ, (២) មាន់ស្រែ, (៣) ស្រូវដែលមានគុណភាពខ្ពស់, (៤) ដំឡូងមី និង (៥), សូត្រឆៅ ដោយអនុវត្តក្នុងខេត្តចំនួន១៨ រួមមាន៖ កណ្តាល តាកែវ កំពត កែប កំពង់ស្ពឺ ព្រៃវែង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងបៃលិន។

គម្រោងនេះ មានគោលដៅជំរុញកំណើន ប្រកបដោយបរិយាប័ន្នលើទីផ្សារ និងគាំទ្រ ដល់ការផលិតជាលក្ខណៈខ្សែច្រវាក់ផលិតកម្ម ព្រមទាំងការអភិវឌ្ឍចង្កោម ផលិតផលនីមួយៗ តាមមូលដ្ឋាន ដល់ក្រុមកសិករខ្នាតតូច។

អនុស្សរណៈនេះ មានគោលបំណង ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើការអនុវត្តគម្រោងជំរុញទីផ្សារ សម្រាប់កសិកម្មខ្នាតតូច (AIMS) តាមរយៈការផ្តល់ឥណទាន បន្តដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីអនុវត្តការផ្តល់ឥណទាន ដល់អ្នកទទួលផលក្នុងតំបន់គោលដៅ គម្រោងឲ្យកាន់ប្រសើរ៕