(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន៣នាក់បន្ថែមទៀត ដែលប្រកាសផ្លូវការដោយក្រសួងសុខាភិបាល ស្ថិតនៅភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត រួមមានបុរសឈ្មោះ ជាង ចាន់សាឃុន អាយុ២៦ឆ្នាំ, កុមារីឈ្មោះ សាន និមល អាយុ១៦ឆ្នាំ និងកុមារីអាយុ០១ឆ្នាំ។

សេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា នៅអំឡុងខែមីនា ឆ្នាំ២០២១កន្លងមកនេះ អ្នកទាំងបីខាងលើ បានប៉ះពាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ឈ្មោះ សាន សុឃា អាយុ២៦ឆ្នាំ។

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ក្រុមការងារ ក៏បានយកវត្ថុវិភាគសំណាក ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈ ជាលទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ហើយត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១។ ចំពោះអ្នកដែលបានប៉ះពាល់ ដោយផ្ទាល់ជាមួយអ្នកជំងឺ មានចំនួន០៣នាក់ ស្រីម្នាក់ ក្រុមការងារបានយកវត្ថុវិភាគសំណាកធ្វើតេស្តរង់ចាំលទ្ធផល និងបានដាក់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានសុខភាព។

ក្រុមការងារកំពុងស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ខាងលើបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថាបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល គិតចាប់ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ / ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់វិធានការបន្ត។

ទន្ទឹមនេះ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ និងបុគ្គលិកសុខាភិបាល ខិតខំបំពេញភារកិច្ចបានល្អប្រសើរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ នៅក្នុងខេត្តស្វាយរៀង៕