(ភ្នំពេញ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនពី-៣.៥ភាគរយក្នុងឆ្នាំ២០២០ ដល់៤.២ភាគរយក្នុងឆ្នាំ២០២១។ ដូចគ្នានឹងបណ្ដាប្រទេសជុំវិញពិភពលោក សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ ជួបប្រទះកំណើនអវិជ្ជមានដោយសារឥទ្ធិពលនៃជំងឺកូវីដ១៩។

ការព្យាករណ៍របស់ IMF ធ្វើឡើងក្នុងកិច្ចប្រជុំជាន់ខ្ពស់ រៀបចំដោយនាយកដ្ឋាន អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងអំឡុងកិច្ចប្រជុំនាទិឃរដូវប្រចាំឆ្នាំ២០២១ របស់មូលធិនិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក តាមរយៈប្រព័ន្ធអនឡាញ។ ក្នុងនោះក៏មានការចូលរួមពីលោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជាផងដែរ។

យោងតាម IMF បានបញ្ជាក់ថា «ទោះយ៉ាងណាអត្រាអតិផរណាកម្ពុជា ស្ថិតក្នុងកម្រិតទាបប្រមាណ២.៩ភាគរយ អត្រាប្តូរប្រាក់ប្រែប្រួលក្នុងកម្រិតទាបជាង១ភាគរយ ស្របពេលដែលទុនបម្រុងអន្តរជាតិ ត្រូវបានគរពូនជាលំដាប់ដែលអាចធានា ការនាំចូលទំនិញ និងសេវាបាន១១ខែដែលរួមចំណែក ក្នុងការរក្សាស្ថិរភាពថ្លៃ និងតុល្យភាពម៉ាក្រូសេដ្ឋកិច្ច»

មូលនិធិរូបិយវត្ថុអន្តរជាតិ ក៏បានព្យាករថា សេដ្ឋកិច្ចក្នុងតំបន់អាស៊ី នឹងមានភាពប្រសើរឡើង ដោយកំណើននឹងកើនពី-១.៥ភាគរយនៅឆ្នាំ២០២០ ដល់៧.៦ភាគរយនៅឆ្នាំ២០២១ ដោយសារកំណើនតម្រូវការប្រើប្រាស់ និងការវិនិយោគក្នុងវិស័យឯកជន។

សូមជម្រាបថា កិច្ចប្រជុំជាន់ខ្ពស់រៀបចំ ដោយនាយកដ្ឋាន អាស៊ីប៉ាស៊ីហ្វិក នៃមូលនិធិរូបិយវត្ថុអន្តរជាតិ រៀបចំឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្តល់ឱកាស ដល់តំណាងប្រទេសសមាជិក តំបន់អាស៊ីប៉ាស៊ីហ្វិក អាចពិភាក្សា និងផ្លាស់ប្តូរយោបល់ពាក់ព័ន្ធ និងទស្សនវិស័យសេដ្ឋកិច្ចក្នុងតំបន់៕