(ភ្នំពេញ)៖ គិតត្រឹមល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ បងប្អូនកម្ម ករ-កម្មការិនីដែលបម្រើការងារនៅរោងចក្រកាត់ដេរ «ឌីន ហាន» ជាង៥០នាក់ទៀត ត្រូវបានរកឃើញឆ្លងកូវីដជាបន្តបន្ទាប់ ហេតុដូច្នេះហើយអាជ្ញាធរ សូមអំពាវនាវដល់បងប្អូនកម្មករផ្សេងទៀត សូមបន្តធ្វើចត្តាឡីស័ក និងទៅយកសំណាកជាបន្ទាន់ថែមទៀត នៅក្នុងរោងចក្រផ្ទាល់តែម្តង និងវិទ្យាល័យបាក់ទូក ហើយបើកម្មករណាមិនទៅយកសំណាកនោះ មិនអនុញ្ញាតឲ្យចូលបម្រើការងារនោះឡើយ។

រោងចក្រកាត់ដេរ «ឌីន ហាន» ដែលមានកម្មករនិយោជិតចំនួនជាង ៥០នាក់ឆ្លងជំងឺកូវីដ១៩នេះ មានទីតាំងស្ថិតនៅផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មន្រ្តីសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ បានបញ្ជាក់ថា «សម្រាប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ គិតត្រឹមវេលាម៉ោង ៥ល្ងាចនេះ មានកម្មករចំនួន១៨នាក់ទៀត បានរកឃើញកូវីដជាបន្តបន្ទាប់ ដែលនាំឲ្យមានចំនួន កើនឡើងដល់ ៥៤នាក់ហើយ ចាប់តាំងពីថ្ងៃរកឃើញវិជ្ជមានកូវីដ នៅក្នុងរោងចក្រកាត់ដេរ ដែលមានកម្មករសរុប២៦៦២នាក់»

ជាមួយនឹងការឆ្លងកើនឡើងយ៉ាងខ្លាំងបែបនេះ សាលារាជធានីភ្នំពេញ តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយកម្មករដែលកើតជំងឺកូវីដ១៩ ទាំងនោះ (សូមមើលការបង្ហាញអត្តសញ្ញាណរបស់សាលារាជធានីភ្នំពេញ) សូមទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅក្នុងរោងចក្រតែម្តង ហើយដែលបានធ្វើតេស្តរួច សូមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវដាច់ខាត កុំចេញទៅណាទាំងអស់ បើមិនទាន់គ្រប់១៤ថ្ងៃ ជាមួយលទ្ធផលតេស្តអវិជ្ជមាន។

ជាមួយគ្នានេះ សាលារាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានស្គាល់រាល់កម្មករដែលបម្រើការងារនៅក្នុងរោងចក្រមួយនេះ សូមចៀសឲ្យឆ្ងាយសិន កុំអាលជួបទាក់ទងដោយផ្ទាល់ និងនៅក្បែរ រហូតដល់ស្ថានភាពនៃការឆ្លងជំងឺនៅក្នុងរោងចក្រ មានការថមថយវិញ ហើយការទទូចយ៉ាងដូច្នេះ មិនមែនអាជ្ញាធរឲ្យរើសអើងគ្នានោះឡើយ តែអាជ្ញាធរបានគិតគូពីបញ្ហាសុខភាពរបស់បងប្អូនជាសំខាន់។

អាជ្ញាធររាជធានីភ្នំពេញ ក៏បានអំពាវនាវដល់បងប្អូនសាច់ញាតិ ឬមិត្តភ័ក្ររបស់កម្មករទាំងនោះ ត្រូវជួយណែនាំឲ្យពួកគេធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃតាមចំនួនកំណត់ ហើយបើធ្វើមិនបានត្រឹមត្រូវទេ នឹងទទួលទោសពិន័យតាមច្បាប់ ជាក់ជាមិនខានឡើយ។ សម្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ក៏ត្រូវត្រួតពិនិត្យតាមដានដោយយកចិត្តទុកដាក់បំផុត។

ប្រសិនបើមានរោគសញ្ញា ឬមានបញ្ហាចម្ងល់ផ្សេងៗ អាចទាក់ទងទៅលេខ Hotline រួមមាន៖

* ទី១៖ Hotline 1299
* ទី២៖ 098 379 777
* ទី៣៖ 077 856 966
* ទី៤៖ 099 429 040
* ប្រជាពលរដ្ឋ ក៏អាចទាក់ទងទៅ Facebook របស់រដ្ឋបាលរាជធានីភ្នំពេញផងដែរ៕