(ព្រៃវែង)៖ ដើម្បីអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការហាមឃាត់មិនឲ្យមានការឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ឱ្យមានប្រសិទ្ធភាពខ្ពស់នោះ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានដឹកនាំក្រុមការងារ អាជ្ញាធរពាក់ព័ន្ធ មន្ត្រីកងកម្លាំងទាំងបី ចុះពិនិត្យ នៅតំបន់ដាក់បារ៉ាស់ត្រួតពិនិត្យ រវាងព្រំប្រទល់ខេត្តនីមួយៗជាប់នឹងខេត្តព្រៃវែង។ សកម្មភាពបានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១។

លោក ជា សុមេធី បានថ្លែងថា សេចក្តីសម្រេច នៃការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្ន នេះគឺមានរយៈ ពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវិដ១៩ ពីភូមិសាស្ត្រនៃខេត្តមួយ ទៅភូមិសាស្ត្រនៃខេត្តមួយទៀត។ រមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេស ត្រូវបិទជាបណ្តោះអាសន្ន។

លោកបានបញ្ជាក់ថា ករណីហាមឃាត់នេះ ក៏មានករណីលើកលែងចំពោះករណីដឹកជញ្ជូនទំនិញគ្រប់ប្រភេទ, ការធ្វើដំណើររបស់មន្ត្រីរាជការក្នុងការបំពេញការងារ (ឯកសារបញ្ជាក់), ការធ្វើដំណើររបស់កម្លាំងប្រដាប់អាវុធរថយន្តសង្គ្រោះបន្ទាន់, រថយន្តពន្លត់អគ្គីភ័យ, រថយន្តប្រមូលកាកសំណល់ ការដឹកជញ្ជូនពលករទៅកាន់រោងចក្រ, និងករណីចាំបាច់ផ្សេងទៀត ដោយមានការអនុញ្ញាតពីអាជ្ញាធរ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យនៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។ ការបិទនេះក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ពីខេត្តមួយ ទៅខេត្តមួយទៀត៕