(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦នេះ Facebook ដ៏អាថ៌កំបាំងមួយឈ្មោះ «រឿងពិត CNRP» បានចេញសារគំរាមដល់មន្រ្តីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិថា កុំឲ្យលូកដៃការពារ និងបិទបាំងរឿងអាស្រូវរបស់លោក កឹម សុខា បើមិនដូច្នេះទេ នឹងទម្លាយឯកសារទាំងសម្លេងទៀតផង ហើយត្រូវរក្សាភាពស្ងៀមស្ងាត់ និងទុកឲ្យលោក កឹម សុខា ទទួលខុសត្រូវដោយម្នាក់ឯង។

ម្ចាស់ Account Facebook អាថ៌កំបាំងមួយនេះ បានសរសេរខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបជូនដល់មន្ត្រីជាន់ខ្ពស់ មួយចំនួនទៀតក្នុង គណបក្សសង្គ្រោះជាតិថា ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ទាក់ទងគ្នាជាមួយប្រពន្ធចុងមានទាំងខ្មែរផង យួនផង និងថែមទាំងមានស្រីស្នេហ៍ជាច្រើន នាក់ទៀត គឺខ្ញុំមានសំឡេង និងឯកសារច្រើនណាស់។ ដូច្នេះគួរគប្បីរក្សាភាពស្ងៀមស្ងាត់ និងទុកអោយលោក កឹម សុខា ទទួលខុសត្រូវម្នាក់ឯងវាប្រសើរជាង ពីព្រោះថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗទៀត ក្នុងគណបក្សសង្គ្រោះជាតិ ក៏មានសំណុំរឿងអាស្រូវច្រើនដែរ ដែលខ្ញុំ (រឿងពិត CNRP) មិនទាន់ចង់បញ្ចេញ ! ប៉ុន្តែផ្ទុយទៅវីញ បើអស់លោកណា នៅតែចចេសចេញមុខ មកបកស្រាយដោយ គ្មានហេតុផលច្បាស់លាស់ ឬក៏មានបំណងការពារលោក កឹម សុខា ដែលជាមេដឹកនាំបក្ស នយោបាយអសីលធម៌មួយរូបនោះ ខ្ញុំនឹងបង្ហោះសំឡេង និងឯកសារជាច្រើនទៀត របស់អស់លោកដែលចេញមកនិយាយ ដើម្បីបំពេញបំណងពួកអស់លោក»។

សូមជំរាបថា លោក កឹម សុខា និងមន្រ្តីគណបក្សសង្រ្គោះជាតិ បានព្យាយាមមិនបកស្រាយ ជុំវិញការផ្ទុះរឿងអាស្រូវស្នេហាតាមរយៈខ្សែអាត់សម្លេង ដែលគេបង្ហោះនៅលើទំព័រ Facebook រយៈពេលប៉ុន្មានថ្ងៃមុន រហូតដល់ពេលនេះ។ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានបដិសេធមិននិយាយអ្វីសោះ នៅចំពោះមុខអ្នកសារព័ត៌មាន ដែលរង់ចាំសម្ភាសន៍រូបលោក ក្រោយកិច្ចប្រជុំថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ទាំង២៥ រាជធានី-ខេត្ត នៅស្នាក់ការគណបក្សសង្រ្គោះជាតិ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦៕