(សៀមរាប)៖ សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ គ្រប់លំដាប់ថ្នាក់ សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ សប្បុរសជន សប្បុរសធម៌ (កាកបាទក្រហម) វិស័យឯកជន និងម្ចាស់ជំនួយផ្សេងៗទៀត ដើម្បីស្វែងរកការគាំទ្រផ្នែកស្មារតី ធនធាន ដែលជាកត្តាសំខាន់ក្នុងការរួម ចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសផលប្រយោជន៍របស់ស្ត្រី-កុមារនៅតាមសហគមន៍។

នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នេះ អំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ដែលសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ទទួលបានពីសប្បុរសជននាពេលកន្លងមក ត្រូវបានប្រគល់ជូនដល់អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រុង ស្រុកចំនួន៧ មានក្រុងសៀមរាប ស្រុកក្រឡាញ់ ពួក ប្រាសាទបាគង សូទ្រនិគម ជីក្រែង និង ស្រុកអង្គរធំ ដើមី្បយកទៅចែកជូនដល់ស្ត្រីក្រីក្រ សកម្មលើការងារនៅមូលដ្ឋានទាំងអស់នេះសរុបចំនួន ២១០គ្រួសារ។

ពិធីប្រគល់អំណោយធ្វើឡើងក្រោមវត្តមាន លោកស្រី ស៊ិន ណម អនុប្រធាន សមាជិកាសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត នៅសាលាខេត្តសៀមរាប។ លោកស្រី ស៊ិន ណម បានលើកឡើងថា អំណោយទាំងអស់នេះ បានមកពីការរួបរួមសាមគ្គី និងទំនាក់ទំនង សហការជាមួយអាជ្ញាធរមូលដ្ឋាន អង្គការជាតិ អន្តរជាតិ សប្បុរសជន សប្បុរសធម៌ (កាកបាទក្រហម) វិស័យឯកជន និងម្ចាស់ជំនួយផ្សេងៗទៀត ដើម្បីស្វែងរកការគាំទ្រផ្នែកស្មារតី ធនធាន ដែលជាកត្តាសំខាន់ក្នុងការរួម ចំណែកឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងពេលដែលកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩។

ម៉្យាងទៀតអំណោយដែលទទួលបានពីសប្បុរសជនទាំងអស់ គឺខាងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត មានថវិកាសរុប ចំនួន ៩,៥៦០,០០០រៀល ដែលបានចំណាយទៅលើការទិញគ្រឿងឧបភោគនិង បន្ថែមថវិកាឧបត្ថម្ភដល់គ្រួសារទាំង២១០គ្រួសារផងដែរ ។

លោកស្រីបន្តទៀតថា ដោយស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ និងដើម្បីចូលរួមទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ ទើបសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត សម្រេចអញ្ជើញ លោកស្រីជាប្រធាន អនុប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ក្រុងស្រុក អញ្ជើញមកទទួលអំណោយដោយផ្ទាល់ និងធ្វើការចែកបន្តទៅដល់ស្ត្រីក្រីក្រដែលសកម្មលើការងារមូលដ្ឋាន ដោយ១ស្រុកៗ មានចំនួន៣០គ្រួសារ ១គ្រួសារត្រូវទទួលបានអង្ករចំនួន ២៥គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកស៊ីអីវ១យួរ ទឹកត្រី១យួរ និងថវិកាចំនួន២ម៉ឺនរៀលផងដែរ៕