(បន្ទាយមានជ័យ)៖ ក្រោយពេលក្រុមការងារខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី ដឹកនាំដោយលោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី សហការជាមួយក្រុមការងារសាលាខេត្តបន្ទាយមានជ័យ បានដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃជាង២០ឆ្នាំ តាមបែបឈ្នះឈ្នះ ប្រជាពលរដ្ឋ ជាង១២០០គ្រួសារ ក្នុងតំបន់បឹងជង្រុក បានសម្តែងក្តីរំភើបសប្បាយរីករាយក្រៃលែង ព្រោះពួកគាត់បានទទួលដីកម្មសិទ្ធិស្របច្បាប់ ក្នុងបរិវេណដីទំហំ៣០៤ហិកតា ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីរៀបចំអភិវឌ្ឍមូលដ្ឋានបឹងជង្រុក ឲ្យប្រែក្លាយទៅជាទីប្រជុំជនភូមិបឹងជង្រុក តេជោឈ្នះឈ្នះ ដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ សម្រាប់សម្រួលបម្រើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សកម្មភាពអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធភូមិបឹងជង្រុកតេជោឈ្នះឈ្នះ មានដំណើរការយ៉ាងសស្រាក់សស្រាំជារៀងរាល់ថ្ងៃ ជាក់ស្តែង នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី បានដឹកនាំក្រុមការងារចុះពិនិត្យសំណង់ហេដ្ឋារចនាសម្ព័ន្ធ ដែលកំពុងសាងសង់ នៅក្នុងមូលដ្ឋានភូមិបឹងជង្រុកតេជោឈ្នះឈ្នះ រួមមាន៖ ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព ស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល ស្នាក់ការអាវុធហត្ថ ស្នាក់ការភូមិ និងអគារកាកបាទក្រហម ដែលគ្រោងនឹងបញ្ចប់ការសាងសង់ នាចុងខែកញ្ញា ឆ្នាំ២០២១ខាងមុខ។

បន្ថែមលើនេះ លោក ប៉ាន់ខែម ប៊ុនថន ក៏បានដឹកនាំក្រុមការងារ ចុះពិនិត្យសំណង់ផ្ទះលំនៅដ្ឋានប្រភេទវីឡាតឿ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ក្រុមអ្នកតំណាង ក្នុងភូមិបឹងជង្រុកតេជោឈ្នះឈ្នះផងដែរ៕