(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមនឹងក្រុមការងារសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យគោលដៅ ២កន្លែង នៅស្រុកបាធាយ ក្នុងការអនុវត្តសេចក្តី សម្រេចរបស់រាជរដ្ឋាភិបាល លេខ ៤៤ សសរ រយៈពេល២ សប្ដាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ទន្ទឹមនឹងការចុះត្រួតពិនិត្យនោះ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ច ឲ្យយកចិត្តទុកដាក់អនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យក្នុងរយៈពេល២សប្តាហ៍ នៅតាមគោលដៅរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ពិសេសការកាត់ផ្តាច់ខ្សែចម្លង ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ តាមរយៈការផ្អាកចរាចរណ៍ពីតំបន់មួយទៅកាន់តំបន់មួយទៀត។

អភិបាលខេត្តកំពង់ចាម បានចេញបទបញ្ជាឱ្យអភិបាលរងខេត្ត ចុះត្រួតពិនិត្យគ្រប់គោលដៅ ក្នុងក្រុង-ស្រុកទាំង៨ ដែលមានព្រំប្រទល់ជាប់ខេត្តផ្សេងៗ មានចំនួន២៣ គោលដៅ គឺ ៖ ស្រុកបាធាយ ២គោលដៅ, ស្រុកជើងព្រៃ ១គោលដៅ, ស្រុកស្រីសន្ធរ ៥គោលដៅ, ស្រុកកងមាស ២គោលដៅ, ក្រុងកំពង់ចាម ១គោលដៅ, ស្រុកកោះសូទិន២គោលដៅ, ស្រុកចំការលើ ៤គោលដៅ និងស្រុកស្ទឹងត្រង់ ៥គោលដៅ ផងដែរ ដើម្បីពង្រឹងការអនុវត្តអោយមានប្រសិទ្ធភាព៕