(ភ្នំពេញ)៖ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋបន្តចូលរួមទិញ និងប្រើប្រាស់ផលិតផលខ្មែរដែលផលិតបានក្នុងស្រុកឱ្យកាន់តែផុសផុលនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញអនុសាសន៍សំខាន់ៗ៥ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។

ការដាក់ចេញអនុសាសន៍នេះ គឺធ្វើឡើងតាមរយៈសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩ មេសា លើកទី៤ ឆ្នាំ២០២១ ក្រោមប្រធានបទ «រួមគ្នាទិញ និងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ» ដែលបណ្ដាញសារព័ត៌មាន Fresh News នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ។

អនុសាសន៍ទាំង ៥ ចំណុចនោះ រួមមាន៖

* ទី១៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធ ត្រូវបន្តកិច្ចសហការ និងសម្របសម្រួលជាមួយគ្នាឱ្យបានរលូនបន្តទៀត ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ការយល់ដឹងឱ្យបានទូលំទូលាយពីគុណភាពនៃផលិតផលខ្មែរ ដោយនាំគ្នាផ្តល់ជំនាញនានាដល់ផលិតករលើដំណើរការខ្សែចង្វាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការវេចខ្ចប់។

* ទី២៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី-ខេត្ត ក្រសួងពាណិជ្ជកម្ម និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវសហការជាមួយនឹងវិស័យឯកជន រៀបចំទីផ្សារតាមបច្ចេកវិទ្យាអនឡាញ ជួយផលិតផលខ្មែរក្នុងការលក់ និងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនានាទាំងក្នុងប្រទេស និងក្រៅប្រទេស និងតាមស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស។

* ទី៣៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្ម ត្រូវរួមគ្នាបង្កើតផែនទីចង្អុលផ្លូវនៃផលិតផលភូមិមួយផលិតផលមួយ ក្នុងគោលបំណងធានានិរន្តរភាពនៃភាពពិសេស ដែលផលិតឡើងដោយប្រជាជនតាមភូមិឋានមួយ ឬច្រើន ជាផលិតផលឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ប្រពៃណី ទាំងបែបបុរាណ និងតាមបែបសម័យ។

* ទី៤៖ គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយរាជធានី-ខេត្តទាំង ២៥ ត្រូវបន្តសហការជាមួយនឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ រៀបចំចងក្រងផលិតផលក្នុងស្រុកដែលមានសក្តានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយបញ្ចូលជាផលិតផលភូមិមួយផលិតផលមួយ ដើម្បីតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃការងារជួយដល់ផលិតផលក្នុងស្រុកពីបណ្តាស្ថាប័នពាក់ព័ន្ធ និងកៀរគរការវិនិយោគនានាលើផលិតផលក្នុងស្រុក ស្របតាមគោលនយោបាយជាតិ ស្តីពី ការជំរុញចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០១៦-២០២៦។

* ទី៥៖ ប្រជាជនកម្ពុជាគ្រប់រូបត្រូវចូលរួមគាំទ្រលើកកម្ពស់ផលិតផលខ្មែរ តាមពាក្យស្លោក «ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ» និងសូមឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយនឹងអង្គការដៃគូអភិវឌ្ឍ វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម សហគមន៍ សមាគម។ល។ បន្តកិច្ចខិតខំប្រឹងប្រែងជួយជំរុញ អភិវឌ្ឍ និងចូលរួមសហការគ្នាយ៉ាងសកម្ម និងជិតស្និទ្ធ ក្រោមកិច្ចសម្របសម្រួលរបស់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីអនុវត្តឱ្យបានសម្រេចនូវប្រធានបទ «រួមគ្នាទិញនិងប្រើប្រាស់ផលិតផលខ្មែរ គឺរួមគ្នាលើកកម្ពស់កិត្យានុភាពជាតិ»

ខាងក្រោមនេះជាសារលិខិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៖