(ភ្នំពេញ)៖ ក្នុងគោលបំណងបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ទឹកស្អាត ឱ្យបានគ្រប់គ្រាន់ តាមតម្រូវការនោះ ស្ថានីយបូមទឹកឆៅថ្មីមួយនៅកោះនរា និងការដាក់បំពង់មេនាំទឹកនៅឆ្ពោះទៅធ្វើប្រព្រឹត្តកម្ម នៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធ បានចាប់ផ្តើមក្រុងពាលីបើកការដ្ឋានសាងសង់ហើយ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នេះ ក្រោមអធិបតីលោកបណ្ឌិត ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងលោក ឆាល វ៉ាន់ តំណាងអ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC និងលោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC។

លោកបណ្ឌិត ស៊ឹម ស៊ីថា បានថ្លែងថា សមិទ្ធិផលថ្មីៗទាំងនេះ អាចកើតមានទៅបាន ដោយសារមានការដឹកនាំដ៏ឈ្លាសវៃ ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសជាតិមានសុខសន្តិភាពពេញលេញបរិបូណ៌ មានឱកាសអភិវឌ្ឍន៍មាតុភូមិរហូតសម្រេចបាននូវ ការរីកចម្រើនលូតលាស់លើគ្រប់វិស័យ នឹងមានអ្វីៗគ្រប់បែបយ៉ាងដូចបច្ចុប្បន្ននេះ ដែលពីមុនមកយើងមិននឹកស្មានដល់។

លោកបណ្ឌិត ស៊ឹម ស៊ីថា បានបន្ថែមថា វិស័យអចលនទ្រព្យ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បាននិងកំពុងរីកចម្រើន ឥតឈប់ឈរ ដែលជាផ្លែផ្ការបស់គោលនយោបាយទាក់ទាញទុនវិនិយោគពីវិស័យឯកជន ដ៏ប៉ិនប្រសព្វរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខរាជរដ្ឋាភិបាល។

ក្នុងនោះក្រុមហ៊ុន OCIC ក៏បានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល ក្នុងការជួយជម្រុញបង្កើនសន្ទុះ នៃកំណើនសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ ក្នុងក្របខណ្ឌរាជធានីភ្នំពេញនិងក្រុងតាខ្មៅ។ ជាក់ស្តែងគម្រោងអភិវឌ្ឍន៍កោះនរា ដែលយើងទាំងអស់គ្នាកំពុងប្រារព្ធពិធីនេះ ជាឧទាហរណ៍ស្រាប់។

លោកបណ្ឌិត ស៊ឹម ស៊ីថា បានបញ្ជាក់ទៀតថា រាល់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC ជាង១០ឆ្នាំកន្លងមកនេះ ដូចជាគម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីជាច្រើន តែងតែប៉ះពាល់ដល់ប្រព័ន្ធបណ្តាញទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ក៏ប៉ុន្តែគ្រប់ករណីប៉ះពាល់ទាំងអស់ ថ្នាក់ដឹកនាំក្រុមហ៊ុន OCIC ជាពិសេស អ្នកឧកញ៉ា ពុង ឃាវសែ តែងតែផ្តល់ភាពកក់ក្តៅប្រកប ដោយការទទួលខុសត្រូវខ្ពស់ ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការដោះស្រាយរាល់ផលប៉ះពាល់ ទាំងអស់ដើម្បីកាត់អតិបរមានូវការថ្នាំងថ្នាក់ ពីសំណាក់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបង្ហាញកាជឿជាក់ថា ក្រុមហ៊ុន OCIC អាចបន្តអភិវឌ្ឍន៍កោះនរាថ្មីស្របតាមផែនការ ចំណែករដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ នឹងមានស្ថានីយបូមទឹកឆៅថ្មី ដែលនឹងមានគុណភាព ព្រមទាំងប្រសិទ្ធិភាពប្រហាក់ប្រហែល ឬក៏ប្រសើរជាងស្ថានីយបូមទឹកចាស់ ដែលត្រូវបញ្ចប់ដំណើរការក្រោយស្ថានីយបូមទឹកថ្មីនេះ ដាក់ឱ្យដំណើរការ។ ស្ថានីយបូមទឹកឆៅនៅលើកោះនរានេះដែរ និងប្រើប្រាស់រយៈពេលសាងសង់ចន្លោះពី១៥ខែ ទៅដល់១៨ខែ៕