(ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារាជរដ្ឋាភិបាល នាល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ លោក គាត តូ ប្រធានគណៈកម្មការផ្សារចាក់អង្រែ ខណ្ឌមានជ័យ បានដឹកនាំការងារចុះបាញ់ថ្នាំសម្លាប់មេរោគនៅជុំវិញផ្សារបរិវេណផ្សារ និងក្នុងផ្សារ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅសហគមន៍។

ក្នុងពេលដឹកនាំមន្ត្រីចុះបាញ់ថ្នាំផ្សារចាក់អង្រែនេះ លោកប្រធានគណៈកម្មការផ្សារ បានលើកឡើងថា ក្រោយពីអាជីវករបានបិទតូបលក់ ឬរៀបចំឥវ៉ាន់ ទំនិញដាក់ចូលក្នុងតូបរួចរាល់ និងជាការចូលរួមការពារនូវការឆ្លងជំងឺកូវីដ១៩ គឺមុនក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគនេះ ខាងគណៈកម្មការផ្សារបានចុះបាញ់ទឹកលាងសម្អាតទីធ្លាមុខផ្សារ តាមផ្លូវជុំវិញផ្សារ និងតាមចិញ្ចើមផ្លូវឱ្យមានអនាម័យល្អ បរិស្ថានស្អាត នេះគឺជាកត្តាសំខាន់ណាស់ ក្នុងការការពារការឆ្លងមេរោគនេះផងដែរ។

លោកបញ្ជាក់ថា ការងារនេះ គណៈកម្មការផ្សារមិនត្រូវមើលរំលងឡើយ ពេលអតិថិជន អាជីវករ មករកទិញអីវ៉ាន់ ឬមហាជនទូទៅដែលចេញចូលផ្សារ គឺពួកគាត់ទទួលបានបរិយាកាសល្អ ដែលអាចចៀសបានពីការឆ្លងមេរោគកូវីដ១៩ បានមួយចំណែកផងដែរ។ លោកបន្តថា ការងារនេះគណៈកម្មការផ្សារនៅតែបន្តចុះធ្វើជាប្រចាំ ពិសេសនៅថ្ងៃចុងសប្ដាហ៍ ដូចថ្ងៃនេះជាដើម។

លោក គាត តូ បានបញ្ជាក់ថា ដើម្បីសុខុមាលភាពរបស់អាជីវករ ពិសេសប្រជាពលរដ្ឋចេញចូលផ្សារ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យគណៈកម្មការផ្សារចុះបាញ់ថ្នាំមូស ឬថ្នាំសម្លាប់មេរោគនៅតាមទីផ្សារនានាក្នុងរាជធានី។

ជាមួយគ្នានេះ គណៈកម្មការផ្សារបានលាងសម្អាតផ្សារក្នុងមួយសប្តាហ៍លាងម្តង ដោយក្រុមការងារលាងកន្លែងហូបចុក និងកន្លែងលក់បន្លែ សាច់ ដែលកន្លែងនេះ វាសម្បូរទៅដោយបាក់តេរីច្រើន បង្កឱ្យមានក្លិនស្អុយឆ្អេះឆ្អាប ប៉ុន្តែចំពោះកន្លែងមានលក់គ្រឿងទេស លក់សម្លៀកបំពាក់ គឺគាត់បោសជូតដោយខ្លួនឯងជារៀងរាល់ថ្ងៃទៅហើយ និងគណៈកម្មការក៏បានបាញ់ថ្នាំសម្លាប់មេរោគផងដែរ។

លោក គាត តូ បានបញ្ជាក់ទៀតថា ជុំវិញការបង្ការទប់ស្កាត់ជំងឺកូវីដ១៩នេះ គឺគណៈកម្មការផ្សារបានយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយ និងណែនាំឲ្យអាជីវករនិងប្រជាពលរដ្ឋពាក់ម៉ាស បាញ់អាកុល វាស់កម្ដៅ និងបំពាក់ប្រព័ន្ធ QR Code ទប់ស្កាត់ដូវីដ Stop Covid នៅតាមច្រកចេញចូលក្នុងផ្សារផងដែរ ដោយចាប់ផ្ដើមអនុវត្តពីម៉ោង ៦ ព្រឹក រហូតមកដល់ល្ងាច។

ក្នុងឱកាសនេះ លោក គាត តូ ក៏បានបង្ហាញពីការយកចិត្តទុកដាក់ពីសំណាក់ពីលោកអភិបាលរាជធានីដល់អាជីវករ ដែលជាអ្នករងផលប៉ះពាល់នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និងអំពាវនាវឱ្យអាជីករ អតិថិជនរក្សាអនាម័យខ្លួនប្រាណ ពាក់ម៉ាសឱ្យបានត្រឹមត្រូវ លាងសម្អាតដៃឱ្យបានញឹកញាប់ រក្សាគម្លាតឱ្យបានឆ្ងាយពីគ្នា មុនប្រើប្រាសរបស់អ្វីមួយ ត្រូវតែលាងសម្អាតឱ្យបានស្អាតល្អ បាញ់អាល់កុល និងត្រូវទៅទទួលការចាក់វ៉ាក់សាំងឱ្យបានទាន់ពេលវេលាងដែរ៕