(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានប្រគល់កុំព្យូទ័រយួរដៃ (Tablet) ចំនួន ៦៨គ្រឿង ជូនដល់ក្រុមគ្រូពេទ្យ ដែលមានលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានី ជាតំណាង ដើម្បីប្រើប្រាស់សម្រាប់ការងារបញ្ចូលទិន្នន័យនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កុំព្យូទ័រយួរដៃទាំង ៦៨គ្រឿង ដែលប្រគល់ជូនក្រុមគ្រូពេទ្យ គឺសម្រាប់បម្រើការងារបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដោយស្ម័គ្រចិត្តនៅទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ទាំង ៣៤កន្លែង ទូទាំងរាជធានីភ្នំពេញ។

មន្ត្រីដដែលបានបញ្ជាកថា ព្យូទ័រយួរដៃទាំងនេះ គឺប្រគល់ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ១៤ គ្រឿង ក្រុមគ្រូពេទ្យស្ម័គ្រសម្តេចពិជ័យសេនា ទៀ បាញ់ ១៤គ្រឿង និងក្រុមគ្រូពេទ្យរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ៤០គ្រឿង។

គួរបញ្ជាក់ថា ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩នេះ លោក ឃួង ស្រេង បានយកចិត្តទុកដាក់ខ្លាំងណាស់ ដោយបានប្រគល់ម៉ាស អាកុល ជែល ម៉ាស៊ីនវាស់កម្ដៅ ស្បៀងអាហារជូនទៅរដ្ឋបាលខណ្ឌទាំង ១៤ កងកម្លាំងមានសមត្ថកិច្ច និងផ្សារទាំង ២៥ នៅក្នុងរាជធានីភ្នំពេញ ជាច្រើនលើកច្រើនសារួចមកហើយ ជាមួយនឹងការណែនាំឲ្យអាជ្ញាធរខណ្ឌទាំង ១៤ បន្តផ្សព្វផ្សាយអំពីវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ជំងឺនេះទាំងអស់គ្នា ពិសេសគឺការអនុវត្តឱ្យបានវិធានការ ៣ការពារ ៣កុំ ជាដើម៕