(ព្រៃវែង)៖ អភិបាលខេត្តព្រៃវែង នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ បានចាត់ឲ្យក្រុមការងារនាំអំណោយជាថវិកា និងសម្ភារទៅចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពក្មេងប្រុសស្រី ៤នាក់ ដែលបានលង់ទឹកស្លាប់នៅស្រុកមេសាង។

បើតាមលោក លាប សារិទ្ធ អធិការនគរបាលស្រុកមេសាង បានឲ្យដឹងថា ក្មេងប្រុសស្រីទាំង៤នាក់ដែលលង់ទឹកស្លាប់នេះ ត្រូវសមត្ថកិច្ច និងក្រុមគ្រួសាររកឃើញសពកាលពីយប់ថ្ងៃទី២ ខែមេសា ខណៈដែលចេញទៅរកត្រី ហើយមិនឃើញវិលត្រលប់មកផ្ទះវិញ។

លោកបានបន្តថា នៅមុនពេលកើតហេតុ ក្មេងៗបានចេញទៅរកត្រីនៅចំណុចព្រែកឈូករណ្តៅ ក្នុងភូមិយាងធំ ឃុំជីផុច ស្រុកមេសាង ហើយមិនបានវិលត្រឡប់មកផ្ទះវិញទេ ទើបធ្វើឲ្យក្រុមគ្រួសារមានការភ្ញាក់ផ្អើល និងប្ដឹងសមត្ថកិច្ចឲ្យជួយតាមរក ក៏បានប្រទះឃើញសពលង់ទឹកស្លាប់ក្នុងទឹកជម្រៅជាង ៣ម៉ែត្រ យ៉ាងអាណោចអាធម។

បើតាមលោកអធិការបានបញ្ជាក់ថា ក្រៅពីទទួលដំណឹងនៃការលង់ទឹកស្លាប់ក្មេង ៤នាក់នេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ គ្រុយ លឹមហ័ង តំណាងដ៏ខ្ពង់ខ្ពស់លោកប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកមេសាង និងមានការចូលរួមពីលោក កែវ ពិសី អភិបាលស្រុកមេសាង រួមនឹងកងកម្លាំងទាំងបីប្រភេទ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំជីផុច លោកមេភូមិឫស្សីសាញ់ បានចុះសួរសុខទុក្ខដល់ក្រុមគ្រួសារសពក្មេងចំនួន ៤នាក់ បានចូលបុណ្យក្នុងមួយគ្រួសារមានថវិការចំនួន ៤៦៥,០០០រៀល អង្ករ ២៥គីឡូក្រាម មី ១កេស ក្នុងនោះលោកអភិបាលខេត្តព្រៃវែង ក៏បានចាត់តំណាងឱ្យមកសួរសុខទុក្ខ និងនាំអំណោយជូនដល់គ្រួសារសពក្មេងទាំង ៤នាក់នេះផងដែរ។ ក៏មានសប្បុរសជនកញ្ញា ជា គឹមធិបតី (ម៉ៃកា)ក៏បានចូលរួមបច្ច័យក្នុងមួយគ្រួសារសពចំនួន ១០០,០០០រៀល។

ក្មេងរងគ្រោះមានឈ្មោះដូចខាងក្រោម៖
* ភឿន ចង្រិត ភេទស្រី អាយុ១៤ឆ្នាំ
* វ័ន មករា ភេទប្រុស អាយុ៧ឆ្នាំ
* វាសនា ចិន្ដា ភេទប្រុស អាយុ៩ឆ្នាំ
* ចឹម បូរ៉ា ភេទ ស្រី អាយុ១១ឆ្នាំ។ ក្មេងរងគ្រោះទាំង៤នាក់រស់នៅភូមិឫស្សីសាញ់ ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង។

លោកអធិការបានអំពាវនាវដល់អាណាព្យាបាលទាំងអស់ ត្រូវអប់រំកូនៗកុំឱ្យទៅលេងទឹកឬរកត្រីក្នុងតំបន់ ដែលមានការជីកដោយអេស្កាវ៉ាទ័រមានជម្រៅជ្រៅ ដែលនាំឱ្យគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕