(ភ្នំពេញ)៖ ទន្ទឹមនឹងការបញ្ចេញខ្លឹមសារជាបន្តបន្ទាប់ ក្នុងការជំរុញ លើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះការចូលរួមរបស់សមាជិក សមាជិកា ក្រុមគ្រូពេទ្យស័្មគ្រចិត្ត (ស.ស.យ.ក.) ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. និងក្រុមការងារគណៈកម្មការជំរុញការចូលរួម របស់ស.ស.យ.ក. ជាមួយរាជរដ្ឋាភិបាល បានអញ្ជើញចុះសួរសុខទុក្ខក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស.ស.យ.ក. ដែលបាននិងកំពុងឈរជើងបំពេញការងារយ៉ាងសកម្មនៅតាមទីស្នាក់ការក្រសួង និងទីតាំងផ្សេងៗ ដើម្បីចាក់ជូនដល់ក្រុមមនុស្សគោលដៅតាមគម្រោង និងផែនការរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស។

ក្នុងដំណើរសួរសុខទុក្ខនេះដែរ លោក ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណក្រុមគ្រូពេទ្យស័្មគ្រចិត្តទាំងអស់ ចំពោះការខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីធានាដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋអាចប្រព្រឹត្តទៅបានដោយរលូនពីមួយថ្ងៃ ទៅមួយថ្ងៃ។

ទន្ទឹមនេះ លោកក៏បានលើកទឹកចិត្ត និងផ្តាំផ្ញើ ឲ្យក្រុមគ្រូពេទ្យទាំងអស់ មានការប្រុងប្រយ័ត្នជាប់ជានិច្ចក្នុងការការពារ និងរក្សាសុខភាពផ្ទាល់ខ្លួន ក្នុងអំឡុងពេលបំពេញការងារដែលអាចប្រឈមនឹងហានិភ័យមួយនេះ។

ជាការកត់សម្គាល់កន្លងមកចំពោះការចូលរួមរបស់ស.ស.យ.ក. ជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ១៩ តាមរយៈសារបង្ហោះលើទំព័រផ្លូវការរបស់ស្ថាប័នខ្លួន ក៏ដូចជាទំព័រផ្លូវការផ្ទាល់ លោក ហ៊ុន ម៉ានី តែងបានជំរុញលើកទឹកចិត្ត សមាជិក សមាជិការបស់ខ្លួន ក្នុងការចូលរួមកិច្ចការងារយុទ្ធនាការផ្សព្វផ្សាយពីគ្រោះថ្នាក់នៃជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមសហការជាមួយអាជ្ញាធរក្នុងការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាននីមួយៗ។

ដោយឡែក នារយៈពេលចុងក្រោយនេះ ស្របពេលដែលសមាជិក សមាជិកា ក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់ ស.ស.យ.ក. និងក្រុមគ្រូពេទ្យស័្មគ្រចិត្តរបស់លោកផ្ទាល់ បាន និងកំពុងស្ម័គ្រចិត្តចូលរួមយ៉ាងសស្រាកសស្រាំក្នុងបេសកកម្មចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ លោក ហ៊ុន ម៉ានី បានបង្ហាញពីសេចក្តីនឹករលឹក និងមោទនបំផុត ដោយលោកចាត់ទុកថាការចូលរួមនេះ បានសបញ្ជាក់ពីមនសិកា និងការលះបង់ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវក្នុងនាមប្រជាតិខ្មែរតែមួយ ដែលរួមគ្នា និងជួយគ្នាក្នុងគ្រាប្រទេសជួបការលំបាក៕