(ភ្នំពេញ)៖ ក្មេងបុរសអាយុ ១៥ឆ្នាំ ត្រូវបានដណ្តើមចេញពីមច្ចុរាជមកវិញ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា បន្ទាប់ពីរូបគេរងរបួសក្បាលធ្ងន់ធ្ងរដោយសារគ្រោះថ្នាក់ចរាចរណ៍។

យោងតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាលោកវេជ្ជបណ្ឌិត ប៊ិត រិច នើ បានបញ្ជាក់ថា ក្មេងប្រុសរូបនេះ បានហើមខួរក្បាល និងបែកឈាមក្នុងសួងធ្ងន់ធ្ងរបំផុត។ រូបគេត្រូវបានឪពុកម្តាយយកចេញពីមុខឡដុតនៅដង្ហើមផ្តឹកៗ មកសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផា។

ប្រភពបន្តថា ក្រុមគ្រូពេទ្យបានប្រឹងប្រែងសង្គ្រោះជីវិតក្មេងប្រុសរូបនេះ រយៈពេល២១ថ្ងៃ ដោយរស់ជាមួយការជំនួយពីម៉ាស៊ីនសប់ដង្ហើមរយៈពេល ៧ថ្ងៃ។ បើតាមប្រភព បានបញ្ជាក់ថា បច្ចុប្បន្នក្មេងប្រុសរូបនេះ មានសុខភាពល្អឡើងវិញហើយ។

សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផា គឺជាមន្ទីរពេទ្យមនុស្សធម៌ធំមួយនៅកម្ពុជា ព្យាបាលដោយមិនគិតថ្លៃតាំងពីឆ្នាំ១៩៩៣។ បច្ចុប្បន្នមន្ទីរពេទ្យទទួលបានការទ្រទ្រងថវិកាមួយផ្នែកធំពីមូលនិធិ ដែលបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕