(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ (គ.វ.ក.១៩ ) ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានប្រកាសដាច់អហង្ការ ដោយហាមក្រសួង ស្ថាប័នមួយចំនួន បញ្ឈប់ការផ្តល់វ៉ាក់សាំងកូវីដ១៩ ជូនអ្នកខាងក្រៅដែលគ្មានឈ្មោះក្នុងបញ្ជីអាទិភាពជាបន្ទាន់។

ការប្រកាសរបស់លោកស្រី ឱ វណ្ឌឌីន បានធ្វើឡើងក្រោយពីសង្កេតឃើញថា ក្រសួងមួយចំនួនបានយកអ្នកដទៃ ដែលមិនមែនជាមន្ត្រីរាជការស៉ីវិល ក្នុងក្របខណ្ឌក្រសួងរបស់ខ្លួន មកចាក់វ៉ាក់សាំងកូវីដ១៩។ តាមរយៈសារសំឡេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោកស្រី ឱ វណ្ណឌីន ថ្លែងថា ការណ៍ដែលក្រសួងនាំអ្នកក្រៅ មកចាក់វ៉ាក់សាំងក្នុងក្រសួងយ៉ាងដូច្នេះ នាំឲ្យខ្វះខាតវ៉ាក់សាំង តាមការបែងចែកវ៉ាក់សាំង ដែលត្រូវរៀបចំរួចហើយនោះ។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ កាលពីព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (SINOVAC) នៅក្នុងក្របខណ្ឌទូទាំងប្រទេស លើជនគោលដៅប្រមាណ ៧៤៥,០០០នាក់។ លោកស្រី ឱ វណ្ណឌីន បានបន្ថែមថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់នេះ ធ្វើឡើងដោយអនុវត្តតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយឲ្យក្រសួង ស្ថាប័ន រៀបចំជាបញ្ជីច្បាស់លាស់ ផ្ញើទៅគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ (គ.វ.ក.១៩) ហើយគណៈបានរៀបចំវ៉ាក់សាំង ទៅតាមឈ្មោះនោះតែប៉ុណ្ណោះ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងនីមួយៗ សុទ្ធតែមានធ្វើបញ្ជីឈ្មោះបញ្ជូនមក គ.វ.ក.១៩ អញ្ចឹង គ.វ.ក.១៩ ផ្អែកលើបញ្ជីឈ្មោះ ដែលប្រធានស្ថាប័នរបស់ឯកឧត្តម លោកជំទាវ បានផ្ញើមកនេះ ដើម្បីធ្វើការបែងចែកវ៉ាក់សាំង ហើយនៅពេលបែងចែកវ៉ាក់សាំងហើយ គឺចែកអស់ហើយ អត់មាននៅសល់ទេ។ អញ្ចឹងឧទាហរណ៍ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គាត់បានចាក់លើសចំនួន ដែលគាត់ស្នើសុំមក។ អញ្ចឹងនេះជាបញ្ហា។ បញ្ហាដែលយើងមិនមានវ៉ាក់សាំង សម្រាប់ផ្តល់ជូនចាក់លើកទី២»

លោកស្រីបន្តថា «ប្រសិនបើក្រសួងនីមួយៗ ចេះតែយកបុគ្គលផ្សេង ដែលមិនមែនជាមន្ត្រី ដែលមិនមែនជាបុគ្គលិករបស់ខ្លួន យកមកចាក់ ធ្វើឲ្យចំនួនវ៉ាក់សាំង ដែលយើងគ្រោងផ្តល់ឲ្យមន្ត្រីរាជការស៉ីវិល ដែលក្រោមក្រសួងនីមួយៗនេះ មិនមានវ៉ាក់សាំងគ្រប់ទេ។ អញ្ចឹងចាប់ពីស្អែកទៅ ខ្ញុំសូមដាក់បញ្ជាយ៉ាងដាច់ខាតតែម្តង ពីព្រោះរឿងនេះជារឿងធំណាស់ មិនមែនជារឿង តូចតាចទេ»

លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រធានអនុគណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ នៅតាមក្រសួង ស្ថាប័ន មិនត្រូវបន្ថែមបុគ្គលិកផ្សេងទេ ហើយចាប់ពីស្អែកទៅ លោកស្រីសុំឲ្យក្រុមការងារចាក់វ៉ាក់សាំងចុះត្រួតពិនិត្យឲ្យបានហ្មត់ចត់បំផុត និងផ្ទៀងផ្ទាត់ទៅតាមបញ្ជី ដែលមានស្រាប់។ លោកស្រីផ្តាំក្រុមការងារចាក់វ៉ាក់សាំងថា ប្រសិនបើអ្នកដែលមកចាក់ មិនស្ថិតនៅក្នុងបញ្ជី គឺមិនអនុញ្ញាតឲ្យចាក់ទេ។

សូមជម្រាបថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការចំពោះកិច្ច បានគូសបញ្ជាក់ថា ក្រុមជនដែលត្រូវចាក់វ៉ាក់សាំងស៉ីណូវ៉ាក់នេះរួមមាន៖

១៖ ក្រុមគ្រូពេទ្យ បុគ្គលិក និងមន្ត្រីសុខាភិបាលជួរមុខ (សេវារដ្ឋ និងសេវាសុខាភិបាលឯកជនស្របច្បាប់ និងដែលមានបញ្ជីឈ្មោះត្រឹមត្រូវ បានផ្ញើជូនគណៈកម្មការចំពោះកិច្ច ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តរួចហើយ) ទាំងថ្នាក់ជាតិ និងក្រោមជាតិ ដែលពុំទាន់បានចាក់ពីមុន
២៖ រដ្ឋសភា ព្រឹទ្ធសភា និងក្រុមគ្រួសារ ដែលមានបញ្ជីឈ្មោះផ្ញើជូនគណៈកម្មការចំពោះកិច្ចរួចហើយ
៣៖ អ្នកសារព័ត៌មានដែលពុំទាន់បានចាក់ពីមុន (ដែលមានបញ្ជីឈ្មោះត្រឹមត្រូវបានផ្ញើជូន គណៈកម្មការចំពោះកិច្ច តាមរយៈក្រសួងព័ត៌មាន ឬទៅមន្ទីរសុខាភិបាលរាជធានី-ខេត្តរួចហើយ)
៤៖ កងកម្លាំង និងមន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលពុំទាន់បានចាក់ពីមុននៅតាមរាជធាន-ខេត្ត (ចាំបាច់ត្រូវមានបញ្ជីឈ្មោះរៀបចំដោយអាជ្ញាធររាជធានី-ខេត្ត)
៥៖ មន្ត្រីរាជការស៊ីវិល រួមទាំងបុគ្គលិកកិច្ចសន្យាទាំងអស់នៅគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួមទាំងសាស្ត្រាចារ្យ-គ្រូបង្រៀននៅតាមគ្រឹះស្ថានបណ្តុះបណ្តាលនានាទូទាំងប្រទេស (ដែលបានធ្វើសម្រង់បញ្ជីឈ្មោះដោយក្រសួងអប់រំ យុវជន និងកីឡាដោយបានផ្ញើជូនគណៈកម្មការចំពោះកិច្ចរួចហើយ)
៦៖ មន្ត្រី-បុគ្គលិកបម្រើការនៃអគ្គិសនីកម្ពុជាទូទាំងប្រទេស នៃអាជ្ញាធរជាតិទាំងអស់ នៃគណៈមេធាវី នៃសាលាក្តីខ្មែរក្រហម នៃលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនអាកាសចរនានា ដែលបានផ្ញើបញ្ជីឈ្មោះជូនគណៈកម្មការចំពោះកិច្ចរួចហើយ
៧៖ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប កាណាឌីយ៉ាគ្រុប ដែលបានផ្ញើបញ្ជីឈ្មោះជូនគណៈកម្មការចំពោះកិច្ចរួចហើយ
៨៖ កម្មករ-កម្មការិនីនៅតាមរោងចក្រមួយចំនួន (ទៅតាមវេន) ដែលសម្របសម្រួលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្ញើជូនគណៈកម្មការចំពោះកិច្ច។

ដើម្បីពន្លឿនការចាក់វ៉ាក់សាំងនេះ គណៈកម្មការចំពោះកិច្ច បានពង្រីកទីតាំងចាក់វ៉ាក់សាំង ដោយបានធ្វើឡើងនៅទីតាំងស្ថាប័នជាតិ និងក្រសួង ស្ថាប័ននានាផ្ទាល់តែម្តង។ ការបើកយុទ្ធនាការចាក់វ៉ាក់សាំងស៉ីណូវ៉ាក់នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជាទិញបានវ៉ាក់សាំងចំនួន ១.៥លានដូសពីក្រុមហ៊ុនចិន ហើយដឹកមកដល់កម្ពុជាកាលពីថ្ងៃទី២៦ ខែមីនា កន្លងទៅនេះ៕