(ពោធិ៍សាត់)៖ រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ បានបង្ហាញទីតាំងចំនួន ១០ទីតាំង ដែលត្រូវដំណើរការចាក់វ៉ាក់សាំង Sinovac ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋរស់នៅក្នុងក្រុង-ស្រុកទាំង៧ ទូទាំងខេត្តពោធិ៍សាត់។

ការចាក់វ៉ាក់សាំង Sinovac នេះ បានប្រព្រឹត្តទៅរយៈពេល៤ថ្ងៃមកហើយ គិតចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ មក។

ទីតាំងទាំង ១០ នោះរួមមាន៖

* ក្រុងពោធិ៍សាត់ មានពីរទីតាំង គឺសាលាខេត្តអគារក្រុមប្រឹក្សាខេត្ត និងមន្ទីរពេទ្យបង្អែកខេត្ត
* ស្រុកកណ្តៀង មានមួយទីតាំង គឺនៅមណ្ឌលសុខភាពកណ្តៀង
* ស្រុកក្រគរ មានពីរទីតាំង គឺនៅមន្ទីរពេទ្យបង្អែកក្រគរ និងមណ្ឌលសុខភាពឈើតុំ
* ស្រុកភ្នំក្រវាញ មានមួយទីតាំង គឺនៅមន្ទីរពេទ្យបង្អែកភ្នំក្រវាញ
* ស្រុកវាលវែង មានមួយទីតាំង គឺនៅមណ្ឌលសុខភាពប្រមោយ
* ស្រុកតាលោសែនជ័យ មានមួយទីតាំង គឺនៅមណ្ឌលសុខភាពតាលោ
* ស្រុកបាកាន មានពីរទីតាំង គឺនៅមន្ទីរពេទ្យបង្អែកបាកាន និងមណ្ឌលសុខភាពត្រពាំងជង។

ជាមួយគ្នានោះ រាជរដ្ឋាភិបាលបានផ្ដល់ឱកាសឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ចុះបេសកកម្មចូលរួមក្នុងការចាក់វ៉ាក់សាំងជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ផងដែរ ខណៈនាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ពួកគាត់បានធ្វើដំណើរទៅដល់ខេត្តពោធិ៍សាត់ហើយ ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងខេត្តពោធិ៍សាត់។

សូមជម្រាបថា អស់រយៈពេលជាច្រើនសប្ដាហ៍កន្លងមកហើយ ដែលកម្ពុជាបានប្រយុទ្ធប្រឆាំងនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជាព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍មានវិសាលភាពទូលំទូលាយជាងព្រឹត្តិការណ៍មុនៗ។

រហូតមកទល់ពេលនេះ ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនត្រឹមតែបានឆ្លងរាលដាលដល់រាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែវាថែមបានឆ្លងរាលដាលដល់បណ្ដាខេត្តផ្សេងទៀតផងដែរ។ ដើម្បីទប់ស្កាត់ជំងឺនេះកុំឱ្យឆ្លងរាលដាលកាន់តែខ្លាំង រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកាន់តែធំទៅៗ៕