(ភ្នំពេញ)៖ មន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ តាមរយៈបណ្តាញព័ត៌មាន Fresh News បានប្រកាសពីការរកឃើញករណីអ្នកឆ្លងកូវីដ១៩ លើបុរសម្នាក់ និងអំពាវនាវសូមឲ្យពាក់ព័ន្ធទៅពិនិត្យសុខភាពជាបន្ទាន់។

មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩នោះ គឺជាបុរសជនជាតិខ្មែរ ឈ្មោះ សោម ឡូ អាយុ ៣៦ឆ្នាំ មានមុខងារជាអ្នកធ្វើការ នៅរោងចក្រនៅរាជធានីភ្នំពេញ ដោយទទួលលទ្ធផលធ្វើតេស្តលើកទី២ «វិជ្ជមាន» នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ។

មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានបង្ហាញប្រវត្តិធ្វើដំណើររបស់បុរសខាងលើ មុនប្រកាសថា កើតកូវីដ១៩ ដូចខាងក្រោម៖

គាត់បានមកកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង នៅថ្ងៃចន្ទ ទី២៩ ខែមីនា ឆ្នាំ២០២១ ដើម្បីពិនិត្យសុខភាព ដោយមានអាការៈក្តៅខ្លួនលើសពី ៣៨អង្សាសេ
ជាមួយនឹងរោគសញ្ញាពិបាកដកដង្ហើម និងឈឺក។ ក្រុមគ្រូពេទ្យបែងចែងអ្នកជំងឺ បានបញ្ជូនបុរស នោះបន្តមកក្រុមការងារព្យាបាលថែទាំពិសេស ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩។

បន្ទាប់ពីធ្វើតេស្តរួច បុរសនោះត្រូវបានណែនាំ និងអនុញ្ញាតឲ្យត្រឡប់ទៅធ្វើចត្តាឡីស័កនៅផ្ទះវិញ និង រង់ចាំលទ្ធផលតេស្ត។ នៅថ្ងៃបន្ទាប់ វេលាម៉ោង ១១៖០០ នាទីព្រឹក បុរសនោះ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង និងត្រូវបានដាក់ឲ្យព្យាបាលដាច់ដោយឡែក នៅផ្នែកអាគារជំងឺឆ្លងនៃមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

តាមការសាកសួរ បុរសនេះ ចាប់មានសញ្ញាក្អក និង ពិបាកដកដង្ហើម នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ម៉្លេះ។ លុះព្រឹកថ្ងៃបន្ទាប់ ត្រូវនឹងថ្ងៃទី២៩ ខែឆ្នាំដដែល វេលាម៉ោង ៤៖០០ព្រឹក គាត់ក៏បានជិះម៉ូតូម្នាក់ឯកមកកាន់ខេត្តកំពង់ឆ្នាំងឯផ្ទះរបស់គាត់ នៅភូមិម៉ុងបារាំង សង្កាត់ប្អែរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នៅម៉ោង ៦៖៣០នាទីព្រឹក។ នៅម៉ោង ៨៖០០ គាត់បានធ្វើដំណើរមកកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំងជាមួយភរិយារបស់គាត់ ដោយម៉ូតូរៀងៗខ្លួន។

បន្ទាប់ពីបានធ្វើតេស្តរួច ម៉ោង៩៖៣០ គាត់បានត្រឡប់ទៅផ្ទះវិញ លុះមកដល់យប់ ម៉ោង ៧៖០០ ថ្ងៃខែដដែល គាត់បានជិះម៉ូតូកង់បី (មានលេខទូរស័ព្ទ 0977771762) ទៅពិនិត្យព្យាបាលជំងឺនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ វេជ្ជបណ្ឌិត ប៉ុល ប៊ូ ដោយបានព្យួរសេរ៉ូម និង បើកថ្នាំមួយចំនួនទៅលេបឯផ្ទះ។ លុះព្រឹកថ្ងៃបន្ទាប់ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បុរសនោះ បានទៅពិនិត្យព្យាបាលជំងឺនៅបន្ទប់ពិនិត្យព្យាបាលជំងឺវេជ្ជបណ្ឌិត ប៉ុល ប៊ូ ម្តងទៀត
ដោយបានព្យូសេរ៉ូម និង ប្រើប្រាស់ថ្នាំលេប ហើយត្រលប់មកផ្ទះវិញដោយម៉ូតូកង់បីដដែល។ លុះថ្ងៃបន្តិច នៅម៉ោង ១១៖០០ នាទីព្រឹក គាត់ក៏បានធ្វើដំណើរតាមម៉ូតូកង់បីដដែលមកកាន់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ដោយសារអាការៈកាន់តែធ្ងន់។

បើតាមមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង, អ្នកពាក់ព័ន្ធជាមួយនឹងបុរសខាងលើ សូមប្រញាប់ទៅពិនិត្យ និងដើម្បីតាមដានសុខភាពជាបន្ទាន់ តាមវិធានសុខាភិបាល៕