(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម កុំចែករំលែក (Share) ព័ត៌មានប្រឌិតពាក់ព័ន្ធនឹងវ៉ាក់សាំងកូវីដ១៩ ដែលបង្កើតឡើងដោយក្រុមឧទ្ទាមឱ្យសោះ បើមិនចង់ជាប់ពាក់ព័ន្ធនឹងវិធានការផ្លូវច្បាប់។

លោក គឹម សន្តិភាព បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «សូមកុំចែករំលែករាល់ព័ត៌មានប្រឌិតពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង ដែលបង្កើតឡើងដោយក្រុមឧទ្ទាមដែលនៅក្រៅប្រទេស! ចង់មិនចង់ អ្នកអាចជាប់ពាក់ព័ន្ធនឹងវិធានតាមផ្លូវច្បាប់ហើយ»

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានធ្វើឡើងបន្ទាប់ពីមានការបំភ្លៃព័ត៌មាន ដើម្បីបំភ័យប្រជាពលរដ្ឋ កុំឱ្យទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ បន្ថែមពីនេះ នាពេលកន្លងទៅ ក្រុមឧទ្ទាមបានព្យាយាមប្រឌិតព័ត៌មានថា ការឆ្លងក្នុងសហគមន៍កម្ពុជានេះ កើតឡើងដោយសារការចាក់វ៉ាក់សាំងរបស់ចិនជាដើម៕