(ភ្នំពេញ)៖ ដោយសេចក្តីគោរពដឹងគុណដ៏ធំធេងបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងថ្ងៃខួបកំណើតរបស់សម្តេច នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ លោក ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល បានរៀបរៀងនូវអត្ថបទកំណាព្យខ្លីមួយ ជាការគោរពជូនពរដោយស្មោះស្ម័គ្របំផុតចំពោះសម្តេច ក្រោមចំណងជើងថា «សម្តេចតេជោ បេះដូងកម្លោះ»

«សម្តេចតេជោ បេះដូងកម្លោះ» មានអត្ថន័យទាំងស្រុងខាងក្រោមនេះ៖

១៖ ថ្ងៃ៥មេសា ៧០ឆ្នាំមុន ទារកខ្សត់ធនកូនកសិករ បានចេញពីផ្ទៃម្តាយថ្លៃបវរ ព្រះកន្លោងល្អថែទាំរក្សា។
២៖ តេជោមានយសខ្ពង់ខ្ពស់អស្ចារ្យ តាំងពីកុមារ ហ៊ុន សែន ក្លាហាន ហែលឆ្លងឧបសគ្គគ្រោះថ្នាក់រាប់លាន អប់រំទូន្មានរៀនដឹកនាំជាតិ។
៣៖ បញ្ចប់សង្គ្រាមបង្ហូរឈាមខ្មែរ តេជោជ្រោងថែការពារ «សន្តិភាព» រំដោះជីវិតពីពួកពេជ្ឈឃាដ ប្រឹងស្រោចស្រង់ជាតិ ប្រៀបបានព្រះរស់។
៤៖ ឆ្នាំនេះតេជោអាយុ៧០ ទោះច្រើនមែនពិត តែដូចកម្លោះ កម្លាំងរឹងមាំប្រាជ្ញាមុតធ្លុះ ទឹកចិត្តសប្បុរសសង្គ្រោះខេមរា។
៥៖ ថ្ងៃរំលឹកខួបសម្តេចតេជោ នក្ខត្តឫក្សល្អសិរីសួស្តី រាជការគ្រប់ថ្នាក់ប្រជាប្រុសស្រី បួងសួងបារមីប្រោះព្រំឱ្យពរ។
៦៖ ខ្ញុំសូមបួងសួងព្រះរតនត្រ័យ គុណកែវទាំងបីប្រពៃបវរ វត្ថុស័ក្តិសិទ្ធិស្ថិតក្នុងនគរ សូមប្រសិទ្ធិពរ «តេជោសែនជ័យ»។
៧៖ សម្តេចមានគុណច្រើនឥតគណនា ខិតខំពុះពារ ពលិកម្មសព្វថ្ងៃ ខ្វល់នឹងជំងឺកូវីដចង្រៃ រាល់យប់រាល់ថ្ងៃសម្តេចព្រួយចិត្ត។
៨៖ ដឹកនាំបញ្ជាចាត់វិធានការ ដើម្បីប្រជាបានរួចជីវិតប្រើអស់ថាមពលខ្វល់នឹងវិបត្តិ ទោះបីនឿយហត់លោកមិនដែលថ្ងូរ។
៩៖ ខ្មែរយើងមានភ័ព្វសំណាងអស្ចារ្យ ដោយគុណថ្លៃថ្លាសម្តេចតេជោ ដឹកនាំប្រទេសដោយព្រហ្មវិហារធម៌ ជាតិខ្មែរបវររុងរឿងថ្កុំថ្កើង៕