(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី (គ.ស.ហ.ម) នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ បានចេញដំណើរទៅកាន់ខេត្តគោលដៅតាមការកំណត់ របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ដើម្បីចូលរួមក្នុងបេសកកម្មចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងគោលដៅរួមគ្នាប្រឆាំងជំងឺកូវដី១៩ ស្របតាមអនុសាសន៍ណែនាំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយនឹងបទពិសោធន៍ការងារ ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី កន្លងមក ក្នុងការពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋឥតគិតថ្លៃក្នុងមូលដ្ឋានផ្ទាល់ ក្រុមគ្រូពេទ្យស័្មគ្រចិត្តសរុបចំនួន១២០ រូប ត្រូវបានឧទ្ទេសនាមដោយគ.វ.ក-១៩ ដោយបែងចែកទីតាំងឈរជើងក្នុងខេត្តចំនួន៣ រួមមានខេត្តពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ។

លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី បានមានលើកឡើងសង្កត់ធ្ងន់លើការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះថា ពិតជាមានសារៈសំខាន់បំផុត ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលឈានឆ្ពោះទៅរកការបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ក៏ដូចជាបញ្ចប់ការរីករាលដាលដជំងឺកូវីដ១៩ ទូទាំងព្រះរាជាណាចក្រកម្ពុជា។

លោកបានបន្តថា៖ «ពួកយើងទាំងអស់គ្នាតែងចង់ចាំនូវពាក្យមួយឃ្លាដែលបងប្រធាន ហ៊ុន ម៉ានី បានបណ្តុះក្នុងស្មារតីរបស់យើង គឺ ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្នាលំបាកជាមួយគ្នា។ ក្នុងស្មារតីនេះ យើងទាំងអស់គ្នា មិនថាគ្រូពេទ្យស័្មគ្រចិត្ត ក៏ដូចជាយុវជននឹងប្តេជ្ញា ចូលរួមឱ្យអស់ពីសមត្ថភាពជាពិសេសក្នុងបេសកកម្មចាក់វ៉ាក់សាំងនេះ»

លោក លេង ផាលី ក៏បានយកឱកាសនេះ ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក៏ដូចជាលោក ហ៊ុន ម៉ានីផ្ទាល់ ដែលបានផ្តល់ឱកាសឱ្យលោក និងក្រុមគ្រូពេទ្យស័្មគ្រចិត្ត មានឱកាសចូលរួមក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ។

សូមជម្រាបជូនដែរថារ សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី (គ.ស.ហ.ម) ចំនួន ៥៣០ នាក់ បានចូលរួមជាមួយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

គួររម្លឹកដែរថា ក្នុងដំណាក់កាលដ៏ចាំបាច់នេះ កម្លាំងជំនាញទាំងអស់ស្ថិតក្រោមដឹកនាំរបស់ លោក ហ៊ុន ម៉ានី មិនថាក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកផ្ទាល់ ក៏ដូចជាក្រុមគ្រូពេទ្យស័្មគ្រចិត្ត ស.យ.យ.ក. បាន និងកំពុងចូលរួមបំពេញការងារប្រកបដោយការយកចិត្ត ទុកដាក់ និងទំនួលខុសត្រូវខ្ពស់ ក្នុងការបម្រើកិច្ចការងារចាក់វ៉ាក់កូវីដ១៩ ក្នុងកម្រិតទូលំទូលាយទូទាំងប្រទេសនេះ ដែលជាបេសកកម្មដ៏មានសារៈសំខាន់ ក៏ដូចជាការងារផ្សេងៗដែលបម្រើប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ៕