(កំពង់ឆ្នាំង)៖ ដោយមានការយកចិត្តទុកដាក់គិតគូរ ដល់ក្រុមគ្រូពេទ្យពីថ្នាក់ដឹកនាំ នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ លោកស្រី កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំពង្រ និងលោកស្រី ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល បានចុះសួរសុខទុក្ខក្រុមគ្រូពេទ្យប្រចាំការ និងចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ក្នុងមណ្ឌលសុខភាពពង្រ ស្រុករលាប្អៀរ។

លោកស្រីទាំងពីរ និងថ្នាក់ដឹកនាំស្រុក បាផ្សព្វផ្សាយឲ្យបានជ្រួតជ្រាប ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យយល់ដឹងអំពីវិធីការពារនៃការឆ្លងជំងឺកូវីដ-១៩ ដោយឲ្យពួកគាត់អនុវត្តតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យឆ្លងចូលក្នុងសហគមន៍។

លោក យង់ សៅវុឌ្ឍី អភិបាលស្រុករលាប្អៀរ បានប្រាប់ Fresh News នៅរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ ឲ្យដឹងថា នាឱកាសដែលលោកស្រីទាំងពីរ និងថ្នាក់ដឹកនាំស្រុកបានចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យ ដែលកំពុងមមាញឹកក្នុងការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពពង្រ។ លោកស្រីទាំងពីរ និងថ្នាក់ដឹកនាំស្រុក ក៏បាននាំយកនូវភេសជ្ជៈមួយចំនួន ដែលមានទឹកសុទ្ធ ទឹកផ្លែឈើ និងសម្ភារៈមួយចំនួន ចែកជូនក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋនៅទីនោះផងដែរ។

លោកបានបន្តឲ្យដឹងទៀតថា មណ្ឌលសម្រាប់ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅក្នុងស្រុករលាប្អៀរ មាន២ទីតាំង ដែលទីតាំងទី១ ក្នុងឃុំជ្រៃបាក់ ស្ថិតនៅមណ្ឌលសុខភាពជ្រៃបាក់ និងទីតាំងទី២ ស្ថិតនៅឃុំពង្រ គឺស្ថិតនៅមណ្ឌលសុខភាពពង្រ។ ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ជូនប្រជាពលរដ្ឋលើកទី២ រយៈពេល២ថ្ងៃនេះ គឺចាប់ពីថ្ងៃទី២ និងថ្ងៃទី៣ ខែមេសានេះ នៅទីតាំងទាំងពីរ ក្នុងស្រុករលាប្អៀរ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ជូនក្រុមប្រឹក្សាស្រុក ក្រុម ប្រឹក្សាឃុំ រួមនិងអាជ្ញាធរភូមិបានចំនួន ៥០៥នាក់ហើយ ក្នុងនោះស្រី ១៩៥នាក់។

ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋជាបន្តនេះ លោកបានផ្ដល់អាទិភាពមុនគេ គឺអាជីវករផ្សារ គ្រូបង្រៀន ម៉ូតូឌុប តៃកុងរថយន្តតាក់ស៊ី ត្រូវតែមានអាទិភាពក្នុងការទទួលបានវ៉ាក់សាំងមុនប្រជាពលរដ្ឋទូទៅ។ លោកនឹងចាក់ជូនប្រជាពលរដ្ឋទាំងអស់ឲ្យបានគ្រប់ៗគ្នា ក្នុងស្រុករលាប្អៀរទាំងមូលផងដែរ៕