(បាត់ដំបង)៖ នៅថ្ងៃអាទិត្យ៧រោច ខែចេត្រ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈ កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចូលរួមរំលែកទុក្ខ និងសោកស្តាយបំផុតចំពោះការស្លាប់ របស់ស្ត្រីឈ្មោះ ជា ចន្ទរចនា អាយុ៣០ឆ្នាំ ដោយខ្សែភ្លើងឆក់ បណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែង ស្ថិតនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ កាលពីរសៀលម្សិលម៉ិញនេះ។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខ និងចូលរួមសម្តែងការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព បានបន្សល់កូនស្រី២នាក់ ហើយត្រូវជីដូនយកទៅចិញ្ចឹម និងសូមឱ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព។ ទន្ទឹមនឹងនេះ លោកបានលើកទឹកចិត្តដល់កូនស្រីទាំង២នាក់ ត្រូវខិតខំតស៊ូដើម្បីជីវិតរស់នៅបន្តទៀត និងមើលថែទាំជីដូនឱ្យបានល្អ។

សូមបញ្ជាក់ថា ក្នុងមរណទុក្ខនេះ កាកបាទក្រហមកម្ពុជា បានចូលបុណ្យសពនូវ អង្ករ៥០គីឡូក្រាម មី២កេស ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ២កេស និងថវិកា១០,០០០,០០០រៀល ។ ដោយឡែកសាខា កាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានចូលបុណ្យ ថវិកាចំនួន៥០០,០០០រៀលផងដែរ។

បញ្ជាក់៖ យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថាការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៣រសៀល ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចក្បែរស្ពាននាគ ស្ថិតក្នុងភូមិបោះពោធិ៍ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បុរសជាប្តីដែលជាជនបង្កមានឈ្មោះ ពេជ្រ ធារ៉េត អាយុ៣១ឆ្នាំ ឯប្រពន្ធដែលស្លាប់នោះមានឈ្មោះ ជា ច័ន្ទរចនា អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើដោយអ្នកទាំង២ មានកូនស្រី២នាក់ហើយកន្លងមកក៏តែងតែរស់នៅដោយមិនចុះសម្រុងនឹងគ្នា ហើយក៏ឈានដល់ការប្តឹងទៅអាជ្ញាធរឃុំ និងប៉ូលិសប៉ុស្តិ៍ផងដែរ។ នៅចំពោះសមត្ថកិច្ច គឺបុរសជាប្តីបានសារភាពថា ខ្លួនពិតជាបានដាក់ពង្រាយខ្សែភ្លើងនៅក្នុងផ្ទះទាំងថ្ងៃមែន ប៉ុន្តែការដាក់នេះ គឺដាក់ការពារចោរតែប៉ុណ្ណោះជាចៃដន្យ ក៏ត្រូវប្រពន្ធដើរទៅជាន់លើខ្សែភ្លើងនោះ ទើបបណ្តាលឱ្យឆក់ស្លាប់តែម្តង៕