(ភ្នំពេញ)៖ លោកស្រី ម៉ារៀ អាមីលីតា អាគីណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចំានៅកម្ពុជា បានសម្តែងក្តីសង្ឃឹមថា សេដ្ឋកិច្ចកម្ពុជាដែលធ្លាប់តែមានកំណើនល្អ នៅមុនពេលផ្ទុះជំងឺកូវីដ-១៩ នោះ នឹងវិលទៅរកសភាពដូចដើមវិញក្នុងពេលឆាប់ៗនេះ នៅពេលពលរដ្ឋទទួលបានវ៉ាក់សំាងក្នុងចំនួនច្រើន។

ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ ចំពោះវិធានការទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ មានប្រសិទ្ធភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបេសកកម្មការទូតរបស់លោកស្រី នៅកម្ពុជា។ សម្តេចលើកឡើងថា កម្ពុជានិងហ្វីលីពីនមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតជាមួយគ្នា តាំងពីឆ្នាំ១៩៥៧ ហើយចំណងការទូតនេះ បានបន្តចាក់គ្រឹះយ៉ាងរឹងមាំរហូតមកដល់សព្វថ្ងៃ។

សម្តេចបានបញ្ជាក់ថា បេសកកម្មការទូតថ្មីរបស់ លោកស្រី Maria Amelita C. Aquino នៅកម្ពុជា ពិតជាមានសារសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងហ្វីលីពីន ដែលមានស្រាប់ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ចំពោះទំនាក់ទំនងរដ្ឋសភាកម្ពុជា និងហ្វីលីពីន មានកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើន លើវិស័យការទូតសភា នៅក្នុងវេទិកាអន្តរសភា ទាំងក្នុងតំបន់ និងសកលលោក ជាពិសេស កិច្ចសហប្រតិបត្តិការនៅក្នុងក្របខណ្ឌអន្តរសភាអាស៊ាន ដែលសភាហ្វីលីពីន ជាសហស្ថាបនិកមួយដ៏សំខាន់ផងនោះ។ សភាប្រទេសទាំងពីរ ក៏បានបង្កើតក្រុមមិត្តភាពរដ្ឋសភា ដើម្បីបង្កបរិយាកាសឲ្យសមាជិករដ្ឋសភា នៃប្រទេសទាំងពីរ បានធ្វើការផ្លាស់ប្តូរបទពិសោធន៍ការងារនីតិកម្មជាមួយគ្នា ជាពិសេស ធ្វើយ៉ាងណាឲ្យវិស័យការទូតសភាប្រទេសទាំងពីរ កាន់តែមានលក្ខណៈស៉ីជម្រៅថែមទៀត។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចបានសម្តែងការពេញចិត្តពីវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសកម្ពុជានិងហ្វីលីពីន លើវិស័យជាច្រើន នៅក្នុងនោះប្រទេសទាំងពីរ ដែលបានចុះកិច្ចព្រមព្រៀង និងអនុស្សារណៈជាមួយគ្នាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពជាច្រើន មានវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ។

ជាចុងបញ្ចប់ ឯកអគ្គរដ្ឋទូតប្រទេសហ្វីលីពីន បានថ្លៃងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ថែរក្សាប្រជាពលរដ្ឋហ្វីលីពីន ដែលកំពុងស្នាក់នៅ និងបំពេញការងារនៅកម្ពុជា នៅក្នុងនោះបានផ្តល់វ៉ាក់សំាងកូវីដ-១៩ ដល់ប្រជាពលរដ្ឋហ្វីលីពីនផងដែរ។ ប្រទេសហ្វីពីន មានគម្រោងផ្តល់អាហារូបករណ៍ដល់និស្សិត និងមន្រ្តីរាជការកម្ពុជាលើផ្នែកបច្ចេកវិទ្យាផងដែរ៕