(ព្រះសីហនុ)៖ ទីតាំងសណ្ឋាគារ និងកាស៉ីណូ ចំនួន២គោលដៅ ត្រូវបញ្ចប់ការធ្វើចត្ដាឡីស័ក និងអនុញ្ញាតឲ្យដំណើរការអាជីវកម្មឡើងវិញ ក្រោយមិនមានរកឃើញអ្នកកើតជំងឺកូវីដ។

សេចក្ដីសម្រេចរបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងទីតាំងទាំងពីរដែលត្រូវបញ្ចប់ការធ្វើចត្ដាឡីស័កនេះ រួមមាន៖

*ទី១៖ សណ្ឋាគារ និងផ្ទះល្វែងរ៉ុងកាង ស្ថិតនៅផ្លូវបេតុង ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ
*ទី២៖ សណ្ឋាគារ កាស៉ីណូហ្គូដដេស អេលីប៊ើធី ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន តែក្នុងសេចក្ដីសម្រេចនោះ លោក គួច ចំរើន បានសង្កត់ធ្ងន់ថា ម្ចាស់ទីតាំងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការ ៣ការពារ និង៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល៕