(ភ្នំពេញ)៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចេញមកច្រានចោលចំពោះការប្រឌិតព័ត៌មានថា ការធ្វើតេស្ដរកជំងឺកូវីដ១៩ គឺតម្រូវឲ្យបង់លុយសម្រាប់ពលករមកពីក្រៅប្រទេស។

អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងថា ការចែកចាយព័ត៌មាននេះ គឺមានចេតនាញុះញង់ចង់បង្កចលាចលនៅក្នុងសង្គម គ្រាដែលកម្ពុជាកំពុងប្រយុទ្ធប្រឆាំងជាមួយការឆ្លងរីករាលដាលជំងឺកូវីដ១៩ ខណៈការពិតការធ្វើតេស្ដរកជំងឺកូវីដ១៩នេះ គឺមិនមានតម្រូវឲ្យបង់លុយសេវាអ្វីសូម្បីមួយសេននោះទេ។

លោក ម៉េត មាសភក្ដី បានថ្លែងយ៉ាងដូច្នេះថា «យើងសូមធ្វើការច្រានចោលទាំងស្រុង ចំពោះការចែកចាយព័ត៌មានមិនពិត ពាក់ព័ន្ធការតម្រូវឲ្យបង់ប្រាក់ចំពោះពលករមកពីក្រៅប្រទេស ដែលត្រូវធ្វើតេស្ដរកជំងឺកូវីដ១៩។ ការធ្វើតេស្ដរកជំងឺកូវីដ១៩ គឺមិនមានតម្រូវឲ្យបង់ប្រាក់អ្វីនោះឡើយ»

ជាមួយគ្នានេះ លោក ម៉េត មាសភក្ដី ក៏សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចជួយស្រាវជ្រាវ ចំពោះអ្នកប្រឌិតព័ត៌មានទាំងអស់នេះ ហើយបានចែកចាយនៅលើបណ្ដាសង្គម Facebook។ លោកក៏សុំឲ្យប្រជាពលរដ្ឋ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម កុំបន្ដចែកចាយរូបភាព វីដេអូ ឬព័ត៌មានណាដែលប្រឌិត ជៀសវាងនាំឲ្យមានការយល់ច្រឡំ៕