(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសឱ្យដឹងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះថា រកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួនពីរនាក់បន្ថែមទៀត។ ធ្វើឱ្យអ្នកកើតកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ នៅក្នុងខេត្តសៀមរាប ឡើងដល់ ៩នាក់ហើយ។

ក្នុងសេចក្តីជូនព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ពីរនាក់នេះរួមមាន៖

ទី១៖ ជាកុមារា អាយុ ៦ឆ្នាំ ដែលជាកូនទី២ របស់ លោក អ៉ឹង ឡាង ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ រស់នៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ បច្ចុប្បន្នលោក អ៉ឹងង ឡាង ភរិយា និងកូនទាំង ២នាក់ គឺមានវិជ្ជមានជំងឺកូវីដ-១៩។

ទី២៖ លោក សែម ម៉ាលី ភេទប្រុស អាយុ ៣២ឆ្នាំ ដែលរស់នៅក្រោយផ្សារគោកធ្លក ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាភ្ញៀវបានទៅហាងកាហ្វេលឹង្គ១០០០ និងបានពាក់ព័ន្ធដោយផ្ទាល់ជាមួយ លោក ហ៉ឹម វណ្ណៈ ដែលមានវិជ្ជមានជំងឺកូវីដ-១៩។

ក្នុងសេចក្តីជូនព័ត៌មាននេះ រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនប្រជាពលរដ្ឋ ដែលបានទាក់ទងទីតាំងហាងកាហ្វេលឹង្គ១០០០ ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឬផ្សារគោកធ្លកចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ឬបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមានទាំងពីរនាក់ខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។

ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០១ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ៕