(ភ្នំពេញ)៖ លោក គី សួគ៌ ដែលជាម្ចាស់បន្ទប់ជួលចំនួន២៧១បន្ទប់ ដែលមានទីតាំងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រកាសបញ្ចុះតម្លៃ៥០ភាគរយ ដើម្បីសម្រាលការលំបាករបស់កម្មករ កម្មការិនី និងអ្នកជួលបន្ទប់ទាំងអស់របស់ខ្លួន គ្រាដែលកម្ពុជាកំពុងប្រឈមជាមួយ ការរីករាលដាលជំងឺកូវីដ១៩។

ការសម្រេចបញ្ចុះតម្លៃបែបនេះ គឺធ្វើឡើងតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីជួយសម្រួលទុក្ខលំបាករបស់ប្រជាពលរដ្ឋ ពិសេសកម្មករ កម្មការិនី ដែលជួបប្រទះនូវបញ្ហាប្រឈម ពិសេសបញ្ហាសេដ្ឋកិច្ចប្រចាំថ្ងៃ ដោយសារការរីករាលដាលជំងឺកូវីដ១៩។

លោក គី សួគ៌ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺ Covid19 ក៏ដូចជាជួយសម្រាលបន្ទុករបស់កម្មករ កម្មការិនី ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន, ខ្ញុំបាទ គី សួគ៌ ជាម្ចាស់ផ្ទះជួល ២៧១បន្ទប់ នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ សូមប្រកាសចុះថ្លៃបន្ទប់50% ជូនកម្មករ កម្មការិនី និងអ្នកជួលបន្ទប់ទាំងអស់ រហូតដល់មានការជូនដំណឹងជាថ្មី អាស្រ័យលើស្ថានភាព Covid នៅប្រទេសយើង»។

គួរជម្រាបថា រហូតមកដល់ពេលនេះ គេសង្កេតឃើញថា ម្ចាស់បន្ទប់ជួលមួយចំនួនទាំងនៅរាជធានីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗ បានប្រកាសពីការបញ្ចុះតម្លៃ និងមិនយកថ្លៃឈ្នួលបន្ទប់ខ្លួនជាបន្ដបន្ទាប់ រហូតព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ត្រូវបានបិទបញ្ចប់។ ដូច្នេះការប្រកាសរបស់ម្ចាស់បន្ទប់ជួលខាងលើនេះ គឺពិតជាគំរូដ៏ល្អសម្រាប់ជួយសម្រាលបន្ទុកកម្មករ-កម្មការិនី ហើយទង្វើដ៏ប្រពៃបែបនេះក៏ទទួលបានការគាំទ្រពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងទទួលបានការសាទរពីប្រជាពលរដ្ឋខ្មែរផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានចេញលិខិតថ្លែងអំណរគុណជាបន្តបន្ទាប់ ចំពោះម្ចាស់ផ្ទះ និងបន្ទប់ជួល ដែលបានស្ម័គ្រចិត្តចែករំលែកការលំបាករបស់ពួកគេ ជាមួយកម្មករ និយោជិត៕