(​វ៉ាស៊ីនតោន​)៖ បេក្ខជន​នាំមុខ​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ លោកស្រី ហ៊ីល​ឡា​រី គ្លី​ន​តុ​ន (Hillary Clinton) និង លោក ដូ​ណា​ល់ ត្រាំភ៍ (Donal Trump) ដែល​កំពុង​នាំមុខ​នៅ​គណបក្ស​សាធារណរដ្ឋ​ដែរនោះ បានទទួល ពិន្ទុ​រៀងៗ​ខ្លួន​ចំនួន ៤ ហើយ​ក្នុងចំណោម ៧ នៅក្នុង​ការប្រកួត​ដ៏​ធំ​អស្ចារ្យ​នៅ​ថ្ងៃ​អង្គារ ដែល​នេះ​បញ្ជាក់ថា អ្នកនយោបាយ​ល្បីឈ្មោះ​ទាំង​ពីរ​រូប នឹង​បន្ត​នាំមុខគេ ទៅរក​ការប្រកួត​ចុង​ក្រោយ​ជ្រើសរើស ប្រធានា​ធិ​តីថ្មី របស់​អាមេរិក​នៅ​ជិត​ចុងឆ្នាំ ២០១៦ ខាងមុខនេះ​។​

​ងាក​មក​លើ​គណបក្ស​ប្រជាធិបតេយ្យ​វិញ លោកស្រី គ្លី​ន​តុ​ន បាន​ត្រួសត្រាយ​ផ្លូវ​កាន់តែ​ទូលាយ​ថែមទៀត ក្រោយពី បាន​យក​ឈ្នះ​លើ​សមាជិក​ព្រឹទ្ធសភា​លោក ប៊ឺ​នី សេន​ដឺ​ស៍ ដែល​វា​បាន​ក្លាយជា​ជ័យជម្នះ​លើ​ក​ទី ៤ សម្រាប់​លោកស្រី នៅក្នុង​គម្រោង​ការយក​ក្តោប​ក្តាប់​ឲ្យបាន នូវ​តំបន់​ដ៏​មាន​ប្រជាប្រិយ​របស់លោក សេន​ដឺ​ស៍ នៅតាម​បណ្តា​រដ្ឋ​ភាគខាងត្បូង អាមេរិក​ដូចជា Vermont, Virginia, Georgia, Alabama, និង Tennessee ជាដើម​។​

​នៅ​ម៉ោង ១៖០០​នាទី​យប់​ម៉ោង​សកល​ថ្ងៃ​ពុធ នេះ​សារព័ត៌មាន​ជាច្រើន​បាន​ប្រកាស​ពី​ជោគជ័យ​របស់​លោកស្រី គ្លី​ន​តុ​ន ទៅលើ​រដ្ឋ Alabama និង Tennessee បន្ទាប់​ពី​ការបោះឆ្នោត​បាន​បញ្ចប់​នៅ​ម៉ោង ៨៖០០​នាទី យប់​ថ្ងៃ​អង្គារ ដែល​វា​មាន​រយៈពេល​តែ​មួយ​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​លោកស្រី បានប្រកាស​ជោគជ័យ​លើ​រដ្ឋ Virginia និង Georgia​។​

​ក្រឡេក​មក​មើល​លទ្ធផល​របស់​គណបក្ស​សាធារណរដ្ឋ​វិញ លោក ត្រាំភ៍ បាន​យក​ឈ្នះ​លើ​ដៃ​គូ​ប្រកួតប្រជែង​ជា ច្រើន​នៅ​តាម​បណ្តា​រដ្ឋ​ដូចជា Massachusetts, Tennessee, Alabama និង ផងដែរ​។ នៅក្នុង​រដ្ឋ​ចំនួន ១២ មកហើយ បើ​គិត​ពី​ការ​បោះឆ្នោត​មក​ដល់​ថ្ងៃ​អង្គារ ដែល​ត្រូវជា​ថ្ងៃ​ពិសេស និង ធំធេង​ជាងគេ​នោះ លោកស្រី គ្លី​ន​តុ​ន និង លោក ត្រាំភ៍ ហាក់​ទទួលបាន​ការគាំទ្រ ក្នុង​សន្ទុះ​មួយ​ដ៏​ខ្លាំងក្លា ប៉ុន្តែ​បើ​គេ​ប្រៀបធៀប​ពី​ចំនួន​អ្នកគាំទ្រ​វិញ លោកស្រី គ្លី​ន​តុ​ន កំពុង​នាំមុខ​លោក ត្រាំភ៍​៕​