(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ម្ចាស់ Account Facebook ឈ្មោះ «រឿងពិត CNRP» បានបន្តចែកចាយ ទម្លាយឯកសារថ្លែងសាសងឆ្លងឆ្លើយគ្នា រវាងលោក កឹម សុខា ជាមួយស្រីស្នេហ៍​ នៅក្នុងឆ្នាំ២០១៥កន្លងទៅ ដោយមានចំនួន១៥ទំព័រ។

Facebook បានទម្លាយឯកសារ រឿងរ៉ាវស្នេហារបស់លោក កឹម សុខា ក្នុងឆ្នាំ ២០១៥ និងខ្លឹមសារមួយចំនួន៖

ខ្ញុំសូមទម្លាយរឿងរ៉ាវស្នេហារបស់លោក កឹម សុខា គិតត្រឹមឆ្នាំ២០១១ ដល់ឆ្នាំ២០១៦ ជូនបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស អាន និងពិចារណា អំពីការទាក់ទងស្នេហាជាមួយស្រីៗជាច្រើននាក់នៅក្នុងជីវិតនយោបាយរបស់គាត់ ដែលប្រឡូកប្រឡាក់ទៅដោយរឿងស្មោគគ្រោក និងអសីលធម៌។ តាមរយៈទំនាក់ទំនងស្នេហារបស់លោក កឹម សុខា នេះដែរ ខ្ញុំក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋបានយល់ឲ្យកាន់តែច្បាស់អំពីពុតត្បុត និងអំពើបោកប្រាស់របស់លោក កឹម សុខា ដែលធ្វើនយោបាយប្រឆាំងនឹងយួន ប៉ុន្តែខ្លួនគាត់បែរជាយកប្រពន្ធចុងជាយួន ហើយថែមទាំងមានកូនទៀតផង។

ដោយសារសំណុំរឿងរបស់លោក កឹម សុខា មានចំនួន៨៦ទំព័រ ខ្ញុំសូមធ្វើការបង្ហោះតាមឆ្នាំនីមួយៗ ដោយផ្តើមចេញពីឆ្នាំ២០១៦មុន។ ខ្ញុំនឹងបង្ហោះជាអាល់ប៊ុម នៃឯកសារទាំង៨៦ទំព័រនេះ ដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការរក្សាទុក និងស្រាវជ្រាវ។ ខ្ញុំក៏នឹងបង្ហោះជាសំឡេងសន្ទនាគ្នារបស់ លោក កឹម សុខា តាមឆ្នាំនីមួយៗ ដោយផ្តើមចេញពីឆ្នាំ២០១៦ដូចគ្នាដែរ៕