(បន្ទាយមានជ័យ)៖ ផ្តើមពីចោរលួចម៉ូតូយកទៅបញ្ចាំរបស់ជនជាតិឥណ្ឌូនេស៊ី១គ្រឿង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចុះទៅឆែកឆេក្នុងហាងបញ្ចាំ១កន្លែង ស្រាប់តែរកឃើញម៉ូតូ៤១គ្រឿង សុទ្ធតែម៉ូតូគ្មានឯកសារ រហូតឈានទៅឃាត់ខ្លួនម្ចាស់ហាង១នាក់ និងចោរចំនួន ២នាក់។

ការចុះឆែកក្នុងហាងម៉ូតូនោះដោយទទួលតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ វីល លី ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបណ្ដោះអាសន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមសនជ័យ។

ករណីបាត់ម៉ូតូរបស់ខ្លួន១គ្រឿង ម៉ាក់ហុងដាឃ្លីក ពណ៌សខ្មៅ ផលិតឆ្នាំ២០០៦ គ្មានស្លាកលេខ ដែលរូបគេចតទុកនៅមុខហាងលក់ដូររបស់ខ្លួន កាលពីវេលាម៉ោង១ យប់ឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូបានដឹកនាំកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្ថិភាពក្នុងហាងលក់ដូរ ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ទី១៖ ឈ្មោះ កែវ កុសល ហៅ ម៉ៅ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ និងទី២៖ ឈ្មោះ ពេញ វាសនា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរចម្លើយ។

លោក នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យក្រោយពីកម្លាំងជំនាញសាកសួរចម្លើយបានឆ្លើយសារភាពថា ពួកគេពេលលួចម៉ូតូបានហើយយកទៅបញ្ចាំនៅហាងមួយកន្លែងស្ថិតក្នុងភូមិក្បាលស្ពាន២ ក្នុងក្រុងប៉ោយប៉ែត ស្របពេលនោះលោក នួន នីណារ៉ូ បានរាយការណ៍ទៅសមត្ថកិច្ចជំនាញខាងការងារយុត្តិធម៌ និងសុំគោលការណ៍ចុះដល់កន្លែងទទួលបញ្ចាំ និងឆែកឆេរឃ្លាំងរបស់ឈ្មោះឡាយ សាន ភេទប្រុស អាយុ៤៩ឆ្នាំ ហើយរកឃើញវត្ថុតាងម៉ូតូចំនួន៤១គ្រឿង ក្នុងនោះមានម៉ូតូជនរងគ្រោះជនជាតិឥណ្ឌូនេស៊ី១គ្រឿងផងដែរ និងម៉ូតូកង់បីចំនួន ៧គ្រឿង ស្លាកលេខម៉ូតូ២សន្លឹក ស្លាកលេខរថយន្ត៦សន្លឹក រួមជាមួយសម្ភារជួសជុលម៉ូតូមួយចំនួនធំ ក្រោយពីឆែកឆេររួចជនទទួលផលចោរកម្មឈ្មោះ ឡាយ សាន និងវត្ថុតាងទាំងអស់ត្រូវបានកម្លាំងអាវុធក្រុង បញ្ជូនមករក្សារទុកជាភស្ដុតាងនៅអាវុធហត្ថក្រុងប៉ោយប៉ែត។

ជនសង្ស័យឈ្មោះ ឡាយ សាន ត្រូវបានកម្លាំជំនាញធ្វើការសាកសួរចម្លើយបានឆ្លើយសារភាពថា រូបគេបានរកស៊ីទទួលទិញ និងបញ្ចាំម៉ូតូ ចាស់ថ្មីពីក្មេងៗស្ទាវជារៀងរាល់ថ្ងៃ ពោលគឺ២៤ម៉ោង លើ២៤ម៉ោង មានរយៈពេលជាង ៣ខែមកហើយ ដោយឡែកនៅថ្ងៃទី២៥នេះរូប គេពិតជាបានទទួលបញ្ចាំម៉ូតូម៉ាកហុងដាឃ្លីក ដែលមានភិនភាគដូចក្នុងពាក្យបណ្ដឹងខាងលើ ពីក្មេងប្រុស២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនពិតប្រាកដមែន។

ផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះចម្លើយសារភាពនៃជនសង្ស័យ និងវត្ថុតាងដែលដកហូតបានផង ជនសង្ស័យឈ្មោះ កែវ កុសល, ឈ្មោះ ពេញ វាសនា និងឈ្មោះ ឡាយ សាន ទាំង៣នាក់ ត្រូវកងរាជអាវុធហត្ថក្រុង បញ្ជូនមកកងរាជអាវុធហត្ថខេត្តបន្តនីតិវិធី។

លោកវរសេនីយ៍ឯ ម៉ែន ភិរម្យ មេការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ សូមជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែតទាំងអស់ ដែលមានការបាត់បង់ម៉ូតូកន្លងមក សូមអញ្ជើញមកទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៩៩ ៩៩ ៩៤ និងលេខ ០១៧ ៥៥ ៥៥ ៩៩ រាល់ម៉ោងធ្វើការ៕