(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួនអ្នកចែកចាយគ្រឿងញៀន ចំនួន៣នាក់ និងអ្នកប្រើប្រាស់ចំនួន ៤នាក់ ទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់។

បើតាមលោកវរសេនីយ៍ឯក ស្រី សារ៉ុម នាយការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ជនសង្ស័យប្រុស ស្រីទាំង៧នាក់ ក្នុងនោះមានអ្នកចែកចាយគ្រឿងញៀនទាំង៣នាក់ រួមមានទី១៖ ឈ្មោះ សួន សំណាង ភេទប្រុស អាយុ៣៤ឆ្នាំ ភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី, ២៖ ឈ្មោះ ជា អេងឆាយ ភេទប្រុស អាយុ១៩ឆ្នាំ ភូមិបវេល២ ឃុំបវេល ស្រុកស្រុកបវេល ខេត្តបាត់ដំបង និងទី៣៖ ឈ្មោះ ចក់ ជួយ ភេទប្រុស អាយុ២០ឆ្នាំ ភូមិចំការ ឃុំល្វាស្រុកបវេល ខេត្តបាត់ដំបង។

ចំណែកអ្នកប្រើប្រាស់៤នាក់ រួមមានឈ្មោះទី១៖ ឈ្មោះ ភួន រក្សា ភេទស្រី អាយុ២០ឆ្នាំ ភូមិរោងគោចុង ឃុំចំណោម ស្រុកមង្គលបូរី ទី២៖ ឈ្មោះ ហង្ស ស្រីនុត ភេទស្រី អាយុ១៧ឆ្នាំ ភូមិចំការចេក ឃុំរហាត់ទឹក ស្រុកមង្គលបូរី, ទី៣៖ ឈ្មោះ គយ ថងគេសន ភេទស្រី អាយុ១៧ឆ្នាំ ភូមិអូរដង្កោ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ៤៖ ឈ្មោះ ម៉ង់ ម្លិ ភេទស្រី អាយុ១៩ឆ្នាំ ភូមិអូរតាគី ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

លោកបានបញ្ជាក់ថា ជនសង្ស័យទាំង៧នាក់ ត្រូវបានកម្លាំងអធិការរដ្ឋាននគរបាលស្រុកមង្គលបូរី ពួនស្ទាក់ត្រង់ចំណុចផ្លូវលំភូមិរោងគោដើម ឃុំចំណោមស្រុកមង្គលបូរី ឃាត់ខ្លួនបានសមត្ថកិច្ចបានឆែកឆេររកឃើញសម្ភារៈ និងវត្ថុតាងដកហូតមានម្សៅក្រាមពណ៌សថ្លាម៉ាទឹកកកចំនួន ១៧កូនថង់តូច និងទូរស័ព្ទដៃ ២គ្រឿង ម៉ូតូ១គ្រឿង ដបសម្រាប់ជក់ថ្នាំញៀនចំនួន១ និងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត៕