(សៀមរាប)៖ យុវជនមកពីគ្រួសារសហភាពហព័ន្ធយុវជនកម្ពុជា យុវជនតោះទៅលេងសៀមរាប នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានសហការជាមួយអាជ្ញាធរខេត្ត និងអាជ្ញាធរក្រុងសៀមរាប ចុះផ្សព្វផ្សាយតាមឧគ្ឃោសនស័ព្ទ តាមរយៈរ៉ឺម៉កចំនួន ១២គ្រឿង ចុះតាមដងផ្លូវ ទីប្រជុំជនក្នុងក្រុងសៀមរាប។

ការហែជាក្បួនរៀបចំបែងចែកជា ២ក្រុមតូចៗ ដោយមួយក្រុមមានរ៉ឺម៉ក ៦គ្រឿង គឺបែកខាងលិចស្ទឹង និងខាងកើតស្ទឹង។ ការហែជាក្រុមនេះ ធ្វើរយៈពេលពេញមួយព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ ហើយបន្ទាប់មក ពេលរសៀល និងថ្ងៃបន្ទាប់ គឺយុវជនចុះតាមសង្កាត់ ដោយមួយសង្កាត់មានរ៉ឺម៉ក ១គ្រឿង។

សកម្មភាពនេះនឹងត្រូវអនុវត្តមួយរយៈកាលរហូតដល់ស្ថានភាពនៃការឆ្លងថយចុះ ឬការយល់ដឹងច្រើនរបស់ប្រជាពលរដ្ឋ។

យុវជនដែលបានចុះបំពេញកិច្ចការនេះ គឺបានយល់ និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការការពារ ៣ការពារ ៣កុំ និងវិធានដទៃទៀតដែលរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាបបានដាក់ចេញ។

រដ្ឋបាលខេត្តសៀមរាបបានថ្លែងអំណរគុណចំពោះសកម្មភាពយុវជនដែលបានចូលចំណាយពេលវេលា និងធនធានចូលរួមជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងឲ្យបានយល់ និងអនុវត្ត ព្រមទាំងជៀសពីការចុះអនុវត្តច្បាប់របស់សមត្ថកិច្ចអំពីការមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចអនុវត្តគម្លាតសុវត្ថិភាពជាដើម៕