(ភ្នំពេញ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានយកទៅប្រគល់ជូនគ្រួសារសព លោកអនុសេនីយ៍ឯក ថន ចាន់ធឿន មន្ដ្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩។

នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯក សែម រតនា នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តំណាងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាននាំយកថវិកាឧបត្ថម្ភសរុប ចំនួន១២លានរៀល អង្ករ ១៥០គីឡូក្រាម និងទឹកសុទ្ធ ចំនួន១០កេស ផ្តល់ជូនលោកស្រី ធឿន សុធារ័ត្ន ត្រូវជាកូនស្រីបង្កើតរបស់នៃសព លោកអនុសេនីយ៍ឯក ថន ចាន់ធឿន តាមរយៈលោកពៅ វុទ្ធី មេភូមិក្តីចាស់ ដូចខាងក្រោម៖

*អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមាន ប្រាក់ឧបត្ថម្ភ ចំនួន៥លានរៀល និងអង្ករ ចំនួន១០០គីឡូក្រាម

*អំណោយរបស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី ហ៊ុន គឹមឡេង រួមមាន ប្រាក់ឧបត្ថម្ភ ចំនួន ៤លានរៀល, អំណោយរបស់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រាក់ឧបត្ថម្ភ ចំនួន២លានរៀល, អង្ករ ចំនួន៥០គីឡូក្រាម និងទឹកសុទ្ធ ចំនួន១០កេស

*អំណោយរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាក់ឧបត្ថម្ភ ចំនួន១លានរៀល៕