(ភ្នំពេញ)៖ មនុស្សចំនួន២នាក់ទៀត ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្រោយជាប់ព័ន្ធនឹងបន្ទប់ព្យាបាលជំងឺឈ្មោះ «សាន ភីរូ» ស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ក្នុងនោះមានម្នាក់ជាអ្នករត់ម៉ូតូឌុប និងស្ត្រីម្នាក់ទៀត ធ្លាប់យកកូនទៅព្យាបាលជំងឺ ធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅបន្ទប់ព្យាបាលជំងឺខាងលើកើនឡើងដល់៥នាក់។

ការឃើញមនុស្សចំនួន២នាក់ថ្មីទៀត ឆ្លងជំងឺកូវីដ-១៩ នៅបន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរូ» ក្រោយមន្ត្រីសុខាភិបាល បានរកឃើញគ្រូពេទ្យចំនួន ២នាក់ មានអាយុ ២៨ឆ្នាំ និង២៤ឆ្នាំ កើតជំងឺកូវីដ១៩ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ដែលបម្រើការងារនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ ខណៈម្ចាស់បន្ទប់ព្យាបាលជំងឺខាងលើនេះ ក៏ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ផងដែរ។

អ្នកមានវិជ្ជមានជំងឺកូវីដ១៩ ទាំង២នាក់ មានឈ្មោះ យួង ចន្ធី អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ៧៤ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ធ្លាប់យកកូនទៅព្យាបាល និងឈ្មោះ បាន ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៧៤ ផ្លូវលំ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ជាអ្នករត់ម៉ូតូឌុប។

ជុំវិញករណីរកឃើញគ្រូពេទ្យនៅបន្ទប់ព្យាបាលជំងឺ «សាន ភីរូ» នាថ្ងៃទី២៥ ខែមីនា ម្សិលមិញ អាជ្ញាធរបានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានបានចេញចូលរកសេវាព្យាបាលជំងឺនៅបន្ទប់ពិគ្រោះព្យាបាលជំងឺ «សាន ភីរូ» ដែលមានលេចចេញរោគសញ្ញាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម អាចទៅតេស្តសុខភាពរកមេរោគនៅវិទ្យាល័យ បាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម , មន្ទីរ ពេទ្យខ្មែរ-សូវៀត និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

ដោយឡែក អ្នកដែលបានចេញចូលទីតាំងខាងលើ ឬប៉ះពាល់ជាមួយគ្រូពេទ្យនៅទីនេះ តែមិនទាន់ចេញរោគសញ្ញា ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ៕