(ភ្នំពេញ)៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ទទួលបាន «ពានរង្វាន់ឯកអគ្គរាជទូតឆ្នើមប្រចាំឆ្នាំ២០២១» ពីសមាគមទូតមិត្តភាពវប្បធម៌កូរ៉េ (Korea Ambassador Culture Friendship Association)។

ការទទួលបានពានឯកអគ្គរាជទូតឆ្នើមនេះ គឺជាសក្ខីភាពនៃសមិទ្ធផលកិច្ចការងារក្នុងបេសកកម្មការទូតដ៏ថ្លៃថ្លារបស់លោក ឡុង ឌីម៉ង់ ដែលបានដឹកនាំក្រុមការងារនៃស្ថានឯកអគ្គរាជទូតទាំងមូល រួមចំណែកដល់ការពង្រឹងចំណងទំនាក់ទំនងសេដ្ឋកិច្ច និងវប្បធម៌រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

បន្ថែមពីនេះ ស្ថានទូតកម្ពុជា ត្រូវបានជ្រើសរើស និងទទួលស្គាល់ ជាស្ថានទូតដែលមានកិច្ចស្នាដៃល្អក្នុងកិច្ចសហប្រតិបត្តិការផ្នែកការទូតវប្បធម៌រវាងប្រទេសកម្ពុជា និងកូរ៉េ តាមរយៈសមាគមទូតវប្បធម៌កូរ៉េ។

បន្ថែមពីលើមោទនភាព កិត្យានុភាពជាតិ ពានរង្វាន់នេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលបានដើរតួរយ៉ាងសំខាន់ក្នុងកិច្ចការងារការទូតវប្បធម៌ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាគោលនយោបាយអាទិភាពមួយក្នុងចង្កោមការទូតសេដ្ឋកិច្ច ដែលកម្ពុជាត្រូវបង្ហាញឱ្យគេបានស្គាល់នូវអត្តសញ្ញាណជាតិរបស់ខ្លួន បើកចំហរទទួលនូវពហុវប្បធម៌ ដើម្បីពង្រីកការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ពង្រីកការផ្លាស់ប្ដូរពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច ជាមួយពិភពលោក។

សូមបញ្ជាក់ថា លោក ឡុង ឌីម៉ង់ ត្រូវបានរាជរដ្ឋាភិបាលសម្រេចតែងតាំងជាឯកអគ្គរាជទូតខ្មែរ ប្រចាំសាធារណរដ្ឋកូរ៉េខាងត្បូង កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៦ ជំនួសលោក ស៊ុត ឌីណា៕