(កណ្ដាល)៖ អាជ្ញាធរ និងមន្ដ្រីសុខាភិបាល នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចបិទដំណើរការបណ្ដោះអាសន្ននូវ មណ្ឌលសុខភាពព្រែកហូរ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្ដកណ្ដាល ក្រោយអ្នកកើតជំងឺកូវីដ១៩ពីរនាក់ប្ដីប្រពន្ធ បានទៅសម្រាកព្យាបាលនៅទីនោះ។

យ៉ាងណាមិញ សម្រាប់ពេលវេលាដែលអ្នកជំងឺកូវីដ១៩ បានទៅទីនោះសមត្ថកិច្ច និងមន្ដ្រីសុខាភិបាល មិនទាន់បញ្ជាក់ឲ្យដឹងនៅឡើយទេ ព្រោះកំពុងធ្វើការសួរនាំបន្ដទៀត។

មន្ត្រីសុខាភិបាលខេត្តកណ្ដាល បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលថា គ្រួសាររបស់អ្នកជំងឺកូវីដទាំងអស់ ត្រូវបានក្រុមការងារយកសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័កហើយ។ ជាមួយគ្នានេះ អាជ្ញាធរសំណូមពរដល់ពលរដ្ឋទាំងអស់សូមបន្តការប្រុងប្រយ័ត្ន និងអនុវត្តន៍តាមវិធានការណ៍ ៣កុំ ៣ការពារ ឲ្យបានខ្ចាប់ខ្ចួនដើម្បីរួមគ្នាកម្ចាត់ជំងឺកូវីដ១៩ទាំងអស់គ្នា៕