(កណ្ដាល)៖ នាយឧត្ដមសេនីយ៍កិត្ដិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការងនៃកងយោធពល ខេមរភូមិន្ទ (ខ.ភ.ម) និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បាននាំយកអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន វេរប្រគេនដល់ព្រះសង្ឃ ចំនួន៣១វត្ត និង០២អាស្រម ស្ថិតក្នុងមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីចែករំលែកដោះស្រាយនូវការលំបាក និងក្នុងការជួយទ្រទ្រង់ ដល់វិស័យព្រះពុទ្ធសាសនា។

អំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមមាន៖ ថវិកាចំនួន១លានរៀល, អង្ករ ចំនួន៥០០គីឡូក្រាម, មី ចំនួន១០កេស, ត្រីខ ចំនួន២យួរ, ប៊ីចេង ចំនួន២យួរ, ទឹកត្រី ចំនួន៥យួរ, ទឹកស៊ីអ៊ីវ ចំនួន៥យួរ, ទឹកក្រូច ចំនួន១០កេស, ទឹកសុទ្ធ ចំនួន១០កេស, សាដក ចំនួន១កញ្ចប់។ ជាមួយគ្នានោះ ក៏បានឧបត្ថម្ភ ដល់សាលាស្រុកកណ្តាលស្ទឹង ចំនួន២លានរៀល, មន្រ្តីសាលាស្រុក ក្នុងម្នាក់ៗ ថវិកា៥០,០០០រៀល, គណៈកម្មការអាចារ្យវត្ត ក្នុងម្នាក់ៗ ថវិកា៣០,០០០រៀល។

ក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានទូលប្រគេន ដល់ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំង គណៈកម្មការអាចារ្យវត្ត ទាំងអស់ និងមន្រ្តីសាលា ស្រុកកណ្តាលស្ទឹង មេត្តាចូលរួមការពារ ឲ្យបានម៉ត់ចត់តាមប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺ «៣ការពារ ៣កុំ» ឲ្យបានដាច់ខាត៕