(ភ្នំពេញ)៖ រូបភាពមួយសន្លឹកនៃការជួបជជែករវាងលោកស្រី ពេជ្រ ចន្ទមុន្នី និងកូនប្រុសវ័យប្រមាណជា ៤ឆ្នាំ ក្រោមរនាំងកញ្ចក់បានទាក់ទាញ និងអង្រួនបេះដូងឱ្យមានការអាណិតអាសូរយ៉ាងខ្លាំង ពីមហាជនដែលលេងបណ្តាញសង្គម។ រូបភាពនេះ បានស្តែងឱ្យឃើញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅមួយរវាងម្តាយ និងកូន ដែលត្រូវបានខណ្ឌចែកដោយសារតែកូវីដ១៩។

លោកស្រី ពេជ្រ ចន្ទមុន្នី គឺជាមេទ័ពស្រីមួយរូប លើសមរភូមិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយបានដឹកនាំកម្លាំងទ័ពអាវសស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរាតត្បាត នៅកម្ពុជា ជាពិសេសក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ កម្លាំងទ័ពអាវសស្ម័គ្រចិត្តសម្តេចតេជោ ហ៊ុន សែន បានចូលរួមយ៉ាងសំខាន់ក្នុងការចុះយកសំណាកអ្នកជំងឺ ថែទាំអ្នកជំងឺ និងរៀបចំកន្លែងសម្រាប់ព្យាបាលអ្នកជំងឺជាដើម។

ព្រោះតែបេសកកម្មលើសមរភូមិប្រយុទ្ធជំងឺកូវីដ១៩ និងដើម្បីរក្សាសុវត្ថិភាពសម្រាប់កូនៗនោះ ទាំងលោកស្រី ពេជ្រ ចន្ទមុន្នី និងលោក ហ៊ុន ម៉ាណែត បានសម្រេចដាក់ខ្លួនរស់នៅដាច់ដោយឡែកពីកូនៗរបស់ខ្លួន។ ម្តាយ និងឪពុក ដែលជាជនបង្គោលដ៏សំខាន់លើការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ទាំងពីររូបនេះ មិនអាចរស់នៅ ឬជួបជជែកជាមួយកូនៗដោយផ្ទាល់ឡើយ គឺបានត្រឹមត្រឹមលើកញ្ចក់ទូរស័ព្ទប៉ុណ្ណោះ។

សម្រាប់អ្នកមិនទាន់មានបុត្រប្រហែលជាពិបាកស្មានចំពោះមនោសញ្ចេតនា និងក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅរវាងឪពុកម្តាយ និងកូនៗ។ តែសម្រាប់អ្នកមានបុត្រ គឺយល់ច្បាស់ពីជម្រៅមនោសញ្ចេតនារវាងឪពុកម្តាយ និងកូនៗ ជាពិសេសកូនតូច ដែលត្រូវការបីបម ថ្នមថ្នាក់ និងការប្រលែងជារៀងរាល់ថ្ងៃជាមួយកូនៗ។ រហូតអ្នកខ្លះបានចាត់ទុកកូនៗរបស់ខ្លួន ជាឱសថ ជាថាមពលដ៏សំខាន់នៅពេលខ្លួននឿយហត់នឹងការងារ ឬមានបញ្ហាផ្សេងៗ។

សម្រាប់លោកស្រី ពេជ្រ ចន្ទមុនី និងលោក ហ៊ុន ម៉ាណែត មិនបានធ្វើរឿងទាំងនេះឡើយក្នុងពេលកំពុងដឹកនាំបញ្ជាកម្លាំងប្រយុទ្ធលើសមរភូមិកូវីដ១៩។ អារម្មណ៍ឪពុកម្តាយដែលមិនបានស្និទ្ធស្នាលនឹងកូនជារឿងមួយ តែអារម្មណ៍កូននៅតូចហើយត្រូវការចាំបាច់នូវការថ្នាក់ថ្នមពីម្តាយឪពុក មិនដឹងថារូបគេស្រងេះស្រងោចយ៉ាងណានោះឡើយនៅពេលឃ្លាតពីម្តាយឪពុកបែបនេះ?

កាយវិការទាំងនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមចាត់ទុកជាការលះបង់នូវសេចក្តីសុខផ្ទាល់ខ្លួនរបស់កុលបុត្រខ្មែរទាំងពីររូប ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្តូរមកវិញនូវសេចក្តីសុខរបស់ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរំខាន និងយាយីពីជំងឺកូវីដ១៩។

លើរូបភាពមួយសន្លឹករបស់លោកស្រី ពេជ្រ ចន្ទមុនី ជួបកូនប្រុសឃាំងខណ្ឌដោយកញ្ចក់ ដែលទទួលបានការចុចចែករំលែក «share» រហូតដល់ជិត៣ពាន់ មានមហាជនលើបណ្តាញសង្គម បង្ហាញនូវទឹកចិត្តអាណិតអាសូរ ចំពោះម្តាយ និងកូន។ ពួកគេក៏បានកោតសរសើរ និងថ្លែងអំណរគុណនូវការលះបង់ និងវីរភាពរបស់លោកស្រី ចំពោះសង្គម និងប្រជាពលរដ្ឋកម្ពុជាផងដែរ៕