(ភ្នំពេញ)៖​ សង្សារមួយគូរមកពីដើរលេង ត្រូវបានជនល្មើសមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿ ​ប្រដាប់ដោយកាំភ្លើងខ្លីធ្វើការភ្ជង់ និងវាយនារីជាសង្សារបណ្តាលឲ្យរងរបួសប្លន់យកម៉ូតូ Scoopy សេរីឆ្នាំ២០១៥មួយគ្រឿង ទៅបាត់នៅចំណុចខាងលិចស្តុបណានជីង ជាង១០០ម៉ែត្រ ​ស្ថិតក្នុងសង្កាត់មិត្តភាពខណ្ឌ៧មករា​ នាម៉ោង១២៖១០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦។

ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ថា​ នៅម៉ោងខាងលើគេបានឭសម្លេងស្រែកឲ្យជួយផង មានចោរប្លន់ពេលនោះប្រជាពលរដ្ឋបានបើកទ្វារចេញមកខាងក្រៅ ក៏ឃើញមានមនុស្សមួយក្រុមជិះម៉ូតូ២គ្រឿង មានម៉ាក​ ឌ្រឹមសង់ និងម៉ាក ​Zoomer X កំពុងតែវាយគូរសង្សារមួយគូរ​ ភ្លាមនោះគេបានឃើញក្រុមនោះបានយកកាំភ្លើងខ្លីវាយ ទៅលើនារីដែលជាសង្សារបណ្តាល ឲ្យរងរបួសផងដែរ​ បន្ទាប់ពីវាយនារីជាសង្សារបណ្តាលឲ្យរងរបួសហើយ ក្រុមជនសង្ស័យទាំងអស់នោះបានយកម៉ូតូរបស់ជនរងគ្រោះ ជិះចេញទៅបាត់ដោយសុវត្ថិភាព​ អ្នកឃើញហេតុការណ៌ត្រូវបានជនរងគ្រោះប្រាប់ថា ម៉ូតូដែលក្រុមចោរប្លន់យកទៅបាត់នោះម៉ាក Scoopy សេរីឆ្នាំ២០១៥​ ស្លាកលេខភ្នំពេញ 1CU-0005​ ។

បន្ទាប់ពីនិយាយរួច ជនរងគ្រោះបានហៅម៉ូតូឌុបដឹកកសង្សារ ដែលត្រូវក្រុមចោរវាយ និងកាំភ្លើងបណ្តាលឲ្យរងរបួសទៅពេទ្យដើម្បីព្យាបាល​។ លុះពេលជនរងគ្រោះទៅពេទ្យ ទើបឃើញកម្លាំងសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ ដើម្បីសួរនាំអ្នកដែលបានឃើញហេតុការណ៌នេះ៕