(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា កម្ពុជាមានធនធានថវិកាគ្រប់គ្រាន់ សម្រាប់ការទប់ទល់នៃវិបត្ដិកូវីដ-១៩ ក្នុងរយៈពេល២ឆ្នាំ ខាងមុខទៀត។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក វង្សី វិស្សុត តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញទទួលវ៉ាក់សាំង (Sinovac) របស់ចិនប្រមាណជា១.៥លានដូស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោមបញ្ចប់ពិធីទទួល និងប្រគល់ វ៉ាក់សាំងនេះ លោក វង្សី វិស្សុត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំថា បើសិនជាកូវីដ-១៩ នៅតែបន្ដត្រឹមឆ្នាំនេះ និងឆ្នាំក្រោយទេ យើងនឹងមានធនធានគ្រប់គ្រាន់សម្រាប់ទប់ទល់»

ទោះបីជាយ៉ាងនេះក្ដី លោក វង្សី វិស្សុត ក៏បានឲ្យដឹងផងដែរថា ប៉ុន្ដែបើសិនជាជំងឺកូវីដនេះ នៅតែបន្ដរីករាលដាលហួសពីឆ្នាំនេះ និងឆ្នាំក្រោយទៀតនោះ លោកមិនទាន់ហ៊ានធានាអំពីធនធាននោះទេ ដោយតែបញ្ហានេះមិនមែនតែបញ្ហារបស់កម្ពុជានោះទេ គឺជាបញ្ហាពិភពលោកទាំងមូល។

ចំពោះការវាយតម្លៃ ពីស្ថានភាពសេដ្ឋកិច្ច ក្នុងឆ្នាំ២០២១នេះ លោក វង្សី វិស្សុត បានប្រាប់ថា លោកមិនទាន់អាចវាយតម្លៃនោះឡើយ ដោយត្រូវរកចាំមើលសិន ចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រឹត្ដិការណ៍សហគមន៍ ២០កុម្ភៈ បន្ដធ្ងន់ធ្ងរកម្រិតណា។

លោក វង្សី វិស្សុត បានថ្លែងបែបនេះ៖ «យើងមិនអាចវាយតម្លៃ បានលឿនពេកនោះទេ យើងត្រូវរកចាំមើលសិន ប៉ុន្ដែបើសិនជានៅបន្ដយូរ វាអាចនឹងប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ច របស់ប្រទេសយើង ហើយក៏ប៉ះពាល់ដល់ជីវភាពប្រជាជន»

សូមជម្រាបថា កញ្ចប់ថវិកា១,១៦៤លានដុល្លារ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបម្រុងសម្រាប់ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចជាតិ ក្នុងឆ្នាំ២០២០ បានប្រើប្រាស់អស់មួយចំនួនធំហើយ ខណៈថវិកានៅសល់នឹងត្រូវបន្តចំណាយ សម្រាប់ឆ្នាំ២០២១នេះ។

ចំពោះមុខសម្រាប់ ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល បានត្រៀមបម្រុងកញ្ចប់ថវិកា ជាង៨០០លានដុល្លារថែមទៀត សម្រាប់ជួយដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ១៩ និងស្ដារសេដ្ឋកិច្ចកម្ពុជា ក្រោយកូវីដ-១៩៕