(ភ្នំពេញ)៖ នៅថ្ងៃទី២៦ មីនា ២០២១ អគ្គនាយកផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល លោក Arnaud Dufresne បានក្រើនរម្លឹកដល់បុគ្គលិក ក៏ដូចជាភ្ញៀវដែលអញ្ជើញមកពិសាកាហ្វេនៅហាងកាហ្វេ Starbucks សាខា ជីប ម៉ុង ណូរ៉ូ ម៉ល ឲ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល បន្ទាប់ពីមានអ្នកវិជ្ជមានកូវីដ-១៩ម្នាក់ ធ្លាប់ទៅទីនោះកាលពីថ្ងៃទី១៤ មីនា វេលាម៉ោងប្រមាណ៤រសៀលកន្លងមក។

លោក Arnaud ក៏លើកទឹកចិត្ត សូមឲ្យរក្សាស្មារតីនឹងនរ កុំមានការភិតភ័យ ព្រោះផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល កន្លងមកបានអនុវត្តនូវគោលការណ៍សុវត្តិភាព ដែលណែនាំដោយក្រសួងសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុត និង គ្រប់ច្រកល្ហក់នៃទីតាំងផ្សារទំនើបត្រូវបានលាងសម្អាតដោយទឹកអាកុល និងបាញ់ថ្នាំសម្លាប់មេរោគជាប្រចាំ ដោយក្រុមការងារបច្ចេកទេសសម្អាត។

លោកក៏បានរៀបរាប់ពីលទ្ធផលត្រួតពិនិត្យទៅលើការមេរ៉ាវីដេអូសុវត្តិភាពសម្រាប់ថ្ងៃទី១៤ មីនា នោះថា ឃើញថាទាំងស្រ្តី ទាំងបុគ្គលិកហាងកាហ្វេ និង បុគ្គលិកសន្តិសុខផ្សារទំនើប បានអនុវត្តនូវគោលការណ៍សុវត្តិភាព ៣កុំ យ៉ាងខ្ជាប់ខ្ជួន ដូច្នេះលោកយល់ថា ហានិភ័យនៃការចម្លងអាចមានកម្រិតទាបណាស់៕